ភ្នំពេញ ៖ អ្នកបើករថយន្តតាក់ស៊ីម្នាក់ ករណីវាយប្លន់ជនជាតិជប៉ុន យកប្រាក់ជាង១ម៉ឺនដុល្លារ នៅខណ្ឌចំការមន ត្រូវលោក អ៊ី ថាវរៈ ចៅក្រមមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួន។
ជនជាប់ចោទឈ្មោះ ប៊ុន ម៉ៅ ត្រូវតំណាងអយ្យការបានចោទប្រកាន់លើជនសង្ស័យពីបទ លួចមានស្ថានទម្ងន់ទោស តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ។ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ម៉ៅ មកធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។កម្លាំងនគរបាល បានដកហូតវត្ថុតាងរថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌មាស សេរី២០០២ ពាក់ស្លាកលេខភ្នំពេញ 1I-7731។ ក្រៅពីនោះសមត្ថកិច្ច ក៏បានដកហូតបាន ទូរស័ព្ទដៃចំនួន២គ្រឿង និងប្រាក់ចំនួន៩៨០០ដុល្លារអាមេរិក។
ជនរងគ្រោះឈ្មោះ សាកូស៊ី កាដូយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិជប៉ុន នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពខាងលើមែន ដោយបានប្លន់យកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។ ក្រោយធ្វើសកម្មភាព ខ្លួនបានបើករថយន្តគេចខ្លួនទៅផ្ទះ ហើយយកប្រាក់ទៅលាក់ទុក រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ