បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់ សាធារណៈជន និងអ្នក ប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមបានជ្រាបថាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ០៨នាទី មានគណនី Facebook ឈ្មោះ Dok Det សរសេរបង្ហោះថា “ ភ្នាល់ ខ្មែរ-ថៃ Boom! ខ្ញុំចាញ់១កេស ខ្មែរ-ថៃ អត់ Boom! ឈ្នះ១ កេស “ ការយករឿងរ៉ាវស្ថានការណ៍របស់ប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែង កំសាន្តនេះបានទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលនិយមលេងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់អង្គភាព។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូម ជម្រាបជូនដល់ សាធារណៈជនជ្រាបថា៖ តាមការស្រាវជ្រាវ ម្ចាស់គណនី Facebook ឈ្មោះ Dok Det ជាកម្មសិទ្ធិរបស់លោក អនុសេនីយ៍ត្រី ដុក ដេត អត្តលេខ ៨៩១៩៥ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុក ថ្មពួក។ ក្រោយពីការសាកសួរ លោកអនុសេនីយ៍ត្រី ង៉ុក ដេត បានទទួលស្គាល់ថា លោកពិតជាបានបង្ហោះខ្លឹម សារទាំងអស់នោះមែន ប៉ុន្តែលោកពុំមានចេតនាធ្វើអោយប៉ះពាល់ដល់ កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អង្គភាពនោះ ទេ លោកបានដឹងអំពីកំហុស ព្រមទទួលខុស នឹងបានលុបការបង្ហោះខ្លឹមសារទាំងនោះចេញវិញ។ ការបង្ហោះខ្លឹម សារ របស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើអោយអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី នគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលមន្ត្រីននគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរីភាព និងឆន្ទៈ ផ្ទាល់ខ្លួន អោយបានសមស្រប ដើម្បីអោយប្រជាពលរដ្ឋមើលឃើញអំពី ឧត្ដមភាព កិត្តិយស និងតម្លៃរបស់ នគរបាលជាតិកម្ពុជា។ ឆ្លើយតបចំពោះកំហុសឆ្គងខាងលើនេះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ដេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ចុះថ្ងៃទី០៥ មីនា ឆ្នាំ២០២៤ ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


