ភ្នំពេញ៖អាងខ្លួនជាប៉ូលិសក្រសួងមហាផ្ទៃបុរសម្នាក់បានដកកាំភ្លើងវាយបុរសម្នាក់បែកក្បាលនិងបាញ់គំរាម១គ្រាប់ដោយសារទំនាស់គៀរម៉ូតូនៅតាមផ្លូវ៥៩៨។ជនបង្កដែលជាប៉ូលិសជិះរថយន្តទំនើបមួយគ្រឿងម៉ាក BMW ស្លាកលេខភ្នំពេញ 2AG-7898ត្រូវចាប់ខ្លួនបានក្រោយពេលបង្កហេតុដោយហិង្សា។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លវ៥៩៨ ជិតស្នងការរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីម៉ោងជាង៨យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចឱ្យដឹងថា៖ ជនបង្កជាមន្ត្រីនគរបាលឈ្មោះ កេត ផារ៉ែន មានឋានៈថ្នាក់ជាអនុសេនីយ៍ទោ។ ជនប្រដាប់អាវុធ បានសាភាពថា មូលហេតុដែកគេដកកាំភ្លើង វាយនិងបាញ់ទៅលើជនទាំង៣នាក់នេះ ពីព្រោះស្មានតែពួកគេ តាមប្លន់ឬវាយរូបគេ ពេលកំពុងឈប់ជុះនោមកន្លែងស្ងាត់។
មុនពេលកើតហេតុឈានដល់ដកកាំភ្លើងបាញ់និងវាយក្បាលបុរសម្នាក់ក្នុងចំណោម៣នាក់នោះគឺដើមហេតុដំបូងប៉ូលិសក្រសួងមហាផ្ទៃបាញ់សំឡុតនោះគឺបុរស៣នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវ៥៩៨ ស្រាប់តែកំពុងជិះតាមផ្លូវ ក៏មានរថយន្តមួយគ្រឿងរបស់ជនបង្កខាងលើ បានជិះគៀរម៉ូតូរបស់បុរសទាំង៣ រួចបន្តដំណើរមកមុខបាត់មិនឈប់ដោះស្រាយទេ។
ក្រោយមកបុរសទាំង៣នាក់បានជិះម៉ូតូ បន្តដំណើរមកមុខក៏ឃើញរថយន្តដែលគៀរម៉ូតូរបស់ខ្លួនកំពុងឈប់ភ្លាមនោះ បុរសទាំង៣ បានឃើញម្ចាស់រថយន្ត កំពុងឈរជុះនោម បុរសទាំង៣បានចុះពីម៉ូតូ ដើរមករករឿង ស្រាប់តែម្ចាស់រថយន្ត បានយកកាំភ្លើងខ្លី វាយក្បាលបុរសម្នាក់ក្នុងចំណោមបុរសទាំង៣ បណ្តាលឲ្យបែកក្បាលឈាមពេញមុខ បន្ទាប់ពីវាយមិនអស់ចិត្តក៏ដកកាំភ្លើង បាញ់សំឡុត១គ្រាប់ទៀត។ ក្រោយពីបាញ់ហើយ មន្ត្រីប៉ូលីស ដែលជាជនបង្ក បានព្យាយាមរត់ តែគេចខ្លួនមិនរួច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាំយកទៅសួរនាំ៕ ដោយ៖បញ្ញាស័ក្តិ