ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការប្រគល់ភារកិច្ចដ៏ធំមួយជូនទៅឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នោះគឺកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨មិថុនា
២០២៥ខាងមុខនេះ។ដើម្បីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។
ការសម្រេចរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជានៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាសន្តិសុខសុវត្ថិភាពនៅក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនឯកឧត្ដមឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទាំងកម្លាំងប៉ូលីស កងរាជអាវុធហត្ថនិងកងអង្គរក្សជាអ្នកគាំទ្រដោយផ្ទាល់ ដាច់ខាតពិធីនេះត្រូវតែរក្សាឲ្យបានសន្តិសុខ សុវត្ថិភាព ១០០% មិនត្រូវឲ្យមានហេតុការណ៍អ្វីកើតឡើងដាច់ខាត ទាំងនៅក្នុងរាជធានីភ្នំពេញនិងផ្លូវចេញ ចូលរាជធានីភ្នំពេញ ព្រោះថានេះជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតដែលយើងត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។
ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះដើម្បីឲ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារ ដោយមិនត្រូវបានយកទៅកែច្នៃឡើយ។បន្ថែមពីនេះសហព័ន្ធយុវជនកម្ពុជាក៏បានធ្វើលិខិតបញ្ជូនទៅបណ្ដាលស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០ស្ថានទូតរួចហើយ ដើម្បីឲ្យពួកគាត់បានជ្រាបពីព័ត៌មាននិងប្រាប់ពួកគាត់ឲ្យដឹងពីគោលបំណងរបស់យើងជុំវិញការធ្វើពិធីនេះផងដែរ។
កម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨មិថុនាខាងមុខនេះ នឹងចាប់ផ្តើមជួបជុំគ្នានៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ហើតបន្តក្បួនព្យុហយាត្រាឆ្ពោះមកកាន់វិមានឯករាជ្យ។ចំពោះគោលបំណងនៃកម្មវិធី ព្យុហយាត្រាសាមគ្គីភាព គឺ៖ បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)។ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពល ម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់ពិធីនេះ យើងមានការបំពាក់មីក្រូតាមដងផ្លូវនិងនៅកន្លែងប្រារព្វពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាព ចាប់តាមបណ្ដាផ្លូវនានា ។ចំណែកខណ្ឌទាំង ១៤ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃនិងអ្នករកស៊ីជនជាតិថៃជាដើម។ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវឱ្យមានបញ្ហាអ្វីកើតឡើងជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តសង្គ្រោះ ដោយបានទាក់ទងជាមួយនឹងបណ្ដាលមន្ទីរពេទ្យ នានានៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាពកើតឡើង យើងជួយសង្គ្រោះបានទាន់ពេលវេលា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន ក៏បានបញ្ជាក់ឱ្យដឹងដែរថា៖ ក្រសួងព័ត៌មាន មាន
តួនាទី ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិនិងទូរទស្សន៍បាយ័នសហការគ្នាផ្សាយផ្ទាល់។ ចំណែក ឯទូរទស្សន៍ផ្សេងៗទៀតក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ផងដែរ។ បន្ថែមពីរនេះក្រសួងព័ត៌មាន ក៏បានអនុញ្ញាតិអោយសារព័ត៌មាន ជាតិ និងបរទេស ជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




























