ខេត្តសៀមរាប ៖ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហើបថា កម្ពុជាកំពុងគិតគូរ ផ្ដល់ប្រាក់រង្វាន់ ក្នុងតម្លៃណាមួយ ឱ្យសមនឹងសមត្ថភាព បើទាហានខ្មែរណាម្នាក់ បានបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំង របស់សត្រូវឱ្យខ្ទេច បើសត្រូវហ៊ានឈ្លានកម្ពុជាមុន។
ការបញ្ជាក់បែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «រថក្រោះ និងយន្តហោះដែលគេដាក់មក បើបងប្អូនយើងបាញ់ឆេះ តើគួរឲ្យគាត់ប៉ុន្មានដើម្បីជាការលើកទឹកចិត្ត។ យើងកំពុងតែពិចារណា។ បើសិនជាមានការបំពាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដី។ ទោះបីឧបករណ៍របស់កម្ពុជាមិនទំនើបខ្លាំង ប៉ុន្តែ ទឹកចិត្តនិងឧបករណ៍បំពាក់គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងដែលចូលបំពានទឹកដីរបស់យើង»។
សម្ដេចធិបតី បញ្ឈឺថៃថា កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងកាំជ្រួចសំណាញ់មេឃ តម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញដាក់ទុនតិច តែចំណេញច្រើន។
ម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំប្រកាស បើកម្ពុជាបិទ គឺអត់មានបើកវិញនៅច្រកហ្នឹងពេលដែលអ្នកឯងបើទេ គឺបិទរហូតទាល់តែព្រំដែនទាំងមូលបើក បានបើកបានមិនមែនថាបើកព្រំដែនជប់គគីថ្ងៃនេះ យើងបើកដែលទេ តែបិទ គឺបិទអចិន្ត្រៃយ៍ហើយ ទាល់តែអ្នកឯងបើកជាឯកតោភាគី ទូទាំងព្រំដែនទាំងអស់ឱ្យដូចមុន ថ្ងៃទី៧ ខែមិថុនា បានកម្ពុជា គិតគូរក្នុងការបើកព្រំដែនទាំងអស់វិញ ខ្ញុំសូមនិយាយឱ្យច្បាស់»។
បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនលែងល្បែងលិបលៗនោះទេ ពោលនៅពេលដែលរដ្ឋាភិបាលបានសម្រេចហើយ ធ្វើឱ្យបានឱ្យបានច្បាស់លាស់។ កម្ពុជា មិនចង់លេងល្បែងលិបលៗ រញ៉េរញ៉ៃជាមួយអ្នកជិតខាងនោះទេ ប៉ុន្តែ បើអ្នកជិតខាងចង់លេងល្បែងនេះ កម្ពុជា កុំដរជានិច្ច លេងល្បែងសេដ្ឋកិច្ចកម្ពុជា កុំដរ ល្បែងជាតិនិយមថៃ ជាអ្នកបំផុស ដែលធ្វើស្មារតីជាតិនិយមនេះកក្រើកនៅក្នុងប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដោយឈរលើស្មារតីស្នេហាជាតិ ប្រឆាំងរាល់ការឈ្លានពានទាំងឡាយពីបរទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្មារតីជាតិនិយមនៅកម្ពុជា គឺមិនមែនរដ្ឋាភិបាលកម្ពុជា ជាអ្នកបំផុសនោះទេ ប៉ុន្តែ ដោយសារតែល្បែងជាតិនិយមដែលភាគីថៃ ជាអ្នកបំផុសឡើង។ ការបិតច្រកព្រំដែនជាឯកតោភាគីរបស់ថៃ គួរតែគិតជាចម្បងទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ។ ហើយចលនាជាតិនិយមខ្លាំងនៅកម្ពុជាកើតឡើង ព្រោះតែការគំរាមកំហែងរបស់ថៃមកលើកម្ពុជា ក្នុងនោះថៃបំផុសចលនាជាតិនិយមជ្រុលដើម្បីកេងចំណេញនយោបាយក្នុងប្រទេសខ្លួន ប៉ុន្តែរាលដាលដល់កម្ពុជា ហើយប្រើប្រាស់រឿងសេដ្ឋកិច្ចធ្វើជាអាវុធលាបពណ៌ទម្លាក់កម្ពុជា និងប្រើប្រាស់កងទ័ពគំរាមកំហែងកម្ពុជា។
ទន្ទឹមនឹងនេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។ កម្ពុជា ចាំតែធ្វើតាមក្រោយភាគីថៃតែប៉ុណ្ណោះ ព្រោះថៃជាអ្នកបិទដោយឯកតោភាគីមុន។ ដូច្នេះ ការបើកព្រំដែនឡើងវិញ ក៏ត្រូវតែធ្វើឡើងជាឯកតោភាគីដូចគ្នាដែរ ទៅជាការស្រេច គឺមិនបាច់ចរចាអ្វីនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ក្រៅពីតំបន់ធំៗចំនួន៤គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងមុំ៣ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយបញ្ហាទ្វេភាគីជាមួយថៃដដែល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា បើទោះបីជាកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃទ្វេភាគីពិតមែន ប៉ុន្តែកម្ពុជាមិនឱន មិនទន់ជ្រាយ ឲ្យថៃប្រមាថឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «យើងនៅធ្វើការជាទ្វេរភាគីដដែល ទាំងរឿងព្រំដែន លើកលែងតែអា៤ចំណុចនេះ ទាំងរឿងសេដ្ឋកិច្ច រឿងកងទ័ព យើងនៅបើកច្រកចរចារ ដើម្បីទ្វេរភាគីទេ ប៉ុន្តែវាមានលក្ខខណ្ឌវាមួយចំនួន បើសិនជាមានការផ្ទុះអាវុធ យើងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
បើតាមប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រៅពីតំបន់ធំៗ ចំនួន៤គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងមុំ៣ កម្ពុជានៅតែបន្តប្រកាន់ជំហរដោះស្រាយ បញ្ហាទ្វេរភាគីជាមួយថៃ ប៉ុន្តែមិនអនុញ្ញាតឲ្យថៃប្រមាថតាមអំពើចិត្តនោះទេ ពោលគឺបន្ទាប់ពីថៃបានបិទច្រកព្រំដែន និងកំណត់ម៉ោងចេញ-ចូលដោយឯកតោភាគី កម្ពុជាតែងតែប្រើប្រាស់ការឆ្លើយតបចំពោះថៃវិញ ដោយភាពទន់ភ្លន់ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាបានកាត់ផ្ដាច់អគ្គីសនី អ៊ិនធើណេត បិទច្រក បិទការនាំចូលបន្លែផ្លែឈើ និងថ្មីៗ នេះបានបិទការនាំចូលប្រេងឥន្ធនៈ ពីថៃបន្ថែមទៀត ប៉ុន្តែកម្ពុជានៅតែមានលទ្ធភាពម្ចាស់ការ និងឯករាជ្យក្នុងការរស់នៅដោយមិនពឹងដង្ហើមប្រទេសជិតខាងឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា ការធ្វើឲ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូង គឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ពជាមួយកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ ដោយឡែក មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន, ភាគីណាក៏បានក្នុងការមកជជែករឿងបើកច្រកព្រំដែនជាមួយកម្ពុជា កម្ពុជាចាំតែអនុវត្តន៍នោះទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី







