Tuesday, June 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ, សូមគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពី ការចូលរួមក្នុងស្មារតីស្នេហាជាតិ និង សាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានធ្វើត្រូវ ក្នុងការ ការ ពារអធិបតេយ្យ, បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។ ស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិ ទាំងនេះ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាមានស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណាអាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅបំផុសចលនាជាតិនិយមឡើយ ប៉ុន្តែប្រជាជនកម្ពុជា មានចលនាជាតិនិយមដោយខ្លួនឯង ដើម្បីចូលរួមការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។ បន្ថែមពីនេះ, យុវជននៅតែជាធនធានដ៏សំខាន់ក្នុងការចូលការពារ និងកសាងជាតិគ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានអធិបតេយ្យរបស់កម្ពុជាឡើយ ។ កម្ពុជា ចង់បានសន្តិភាព ដោយនៅតែប្រកាន់ជំហរយន្ដការដោះស្រាយទ្វេភាគី លើកលែងតែតំបន់ទាំង៤ ដែលបានដាក់ពាក្យបណ្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ចំពោះការបិទ និងបើកព្រំដែនកម្ពុជា-ថៃ គឺកម្ពុជានឹងបន្តបិទរហូត ដល់ពេលដែលភាគីថៃបើកព្រំដែនទាំងអស់ឡើងវិញ ដោយឯកតោភាគីជាមុនសិន ទើបកម្ពុជាបើកព្រំដែនតាមក្រោយ ។ កម្ពុជានឹងរក្សាសិទ្ធិប្រើប្រាស់គ្រប់វិធានការដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។ បន្ថែមពីនេះ, កម្ពុជានឹងបង្ហាញតម្លាភាព និងស្របតាមគោលការណ៍របស់តុលាការ ICJ ជូនប្រជាពលរដ្ឋកម្ពុជា ហើយសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងសង្គ្រាមរវាងប្រទេសអ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងកំឡុងពេលនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងក្រសួង -ស្ថាប័នពាក់ព័ន្ធ បាន និងកំពុង ទាក់ទងជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ សិក្សា និងរស់នៅក្នុងប្រទេសអ៉ីស្រាអែល និងប្រទេសអ៉ីរ៉ង់ ដើម្បីសួរសុខទុក្ខ និងដោះស្រាយជូនពួកគាត់ តាមការចាំបាច់។ ជាមួយគ្នានេះ, សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអ៉ីស្រាអែល និងអ៉ីរ៉ង់ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានជំរុញចលនាគាំទ្រ ផលិតផលក្នុងស្រុក និងសូមបន្តគាំទ្រផលិតក្នុងស្រុកបន្ថែមទៀត តែសូមកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក ព្រមទាំងជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ។ បន្ថែមពីនេះ, សូមកុំពង្រីកបញ្ហាបន្ថែម ដែលឈានទៅដល់ការរើសអើងជាតិសាសន៍ និងអរិភាពរវាងប្រជាជន និងប្រជាជន ។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រូវមកប្រទេសកម្ពុជាវិញ កម្ពុជាស្វាគមន៍ និងសម្របសម្រួលជូនជានិច្ច ទោះបីជា មិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×