ខេត្តរតនគិរី ៖ កម្លាំងជំនាញអធិការស្រុកអូរយ៉ាដាវ ប៉ុស្តិ៍ឃុំប៉ាតេ ធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនា កាប់ទៅលើជនរងគ្រោះចំនួន ៣ កាំបិត រងរបួសជាទម្ងន់ ហើយរត់គេចខ្លួនបាត់ ជាច្រើនថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួននិងបញ្ជូនទៅតុលាការ។
លោកឆាយ ធី ឃុំប៉ាតេ បាននិយាយថា ជនសង្ស័យឈ្មោះ សុំ ប្រាជ្ញា ភេទប្រុស អាយុ 34ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បាននៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ 2018 នៅវេលាម៉ោង ៣ រសៀល នៅត្រង់ចំណុចក្រុមហ៊ុនដូងប្រេងវៀតណាម លំផាត់ដោយបានសហការ ជាមួយកម្លាំងអធិការស្រុកលំផាត់ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨ មានករណីហឹង្សាដោយចេតនា បង្ករបួសស្នាមកាប់ដោយកាំបិតតាំងតោ នៅចំណុច ចំការកៅស៊ូលោក កៅ គង់ ស្ថិតនៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ។
ជនរងគ្រោះឈ្មោះ អ៊ុក នឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ដោយជនសង្ស័យ បានកាប់ទៅលើជនរងគ្រោះចំនួន ៣ កាំបិត ឆ្អឹងជំនីរឆ្វេងពីរកន្លែង ចិញ្ចើមឆ្វេងមួយកន្លែង របួសជាទម្ងន់ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងបន្ដទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកជនបង្កក្រោយពីធ្វើសកម្មភាព ក៏បានរត់គេចខ្លួនបាត់ តែជាអកុសល ដោយឈាមស្រែកស្បែកហៅ រត់គេចខ្លួនបានតែប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានតែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ