ភ្នំពេញ-កម្មវិធីប្រឡងចម្រៀង “ចង់ក្លាយជាតារា” របស់ស្ថានីយទូរទស្សន៍អប្សារា ប៉ុស្តិ៍លេខ១១ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត្រ ហើយ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំណែកបេក្ខជនចំនួន១២រូបដែលនៅសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រៀមច្រៀងផ្សព្វផ្សាយកម្មវិធីប្រគំតន្ត្រីរបស់ក្រសួងបរិស្ថាន។
អ្នករៀបចំកម្មវិធីចង់របស់អប្សរា លោក នូ សុភេន បានឲ្យដឹងថា ការប្រឡងចម្រៀងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវិញ្ញាសាប្រកួតដាក់ឲ្យបេក្ខជនច្រៀងចម្រៀងបែបភ្លេងការបែបប្រពៃណីខ្មែរ ដើម្បីឲ្យចេះបទបែន រួមទាំងបទបុរាណ និងបទសម័យ គឺត្រូវតែធ្វើឲ្យបាន ក្រោមការវាយតម្លៃពីក្រុមគណៈកម្មាការ។ លោកបន្តថា អ្នកទាំង១២រូបនេះ នឹងក្លាយជាតារារួចទៅហើយ ដោយគ្រាន់តែត្រូវឡើងប្រឡង ដើម្បីឲ្យដឹងថា អ្នកណាខ្លាំងជាងអ្នកណា។ លើសពីនេះ តារា១២រូបនេះ មានការចុះកុងត្រាជាមួយក្រសួងបរិស្ថាន ដើម្បីចេញទៅច្រៀងសម្តែងតាមខេត្តក្រុងផ្សាយពីតម្លៃនៃបរិស្ថាន។ ម្យ៉ាងទៀតបេក្ខជន ក៏ក្លាយជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្មអប្សរាទើបបង្កើតថ្មី។
លោកណូ សុភេន ក៏បានឲ្យដឹងដែរថា “កម្មវិធីនេះនឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលនឹងត្រូវជ្រើសម្ចាស់ពានឆ្នើមមួយរូប និងជ្រើសម្ចាស់ពានអម២នាក់ទៀត។ លោកថា
ម្ចាស់ពាននឹងទទួលបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ូតូ ថវិការមួយចំនួន និងពាន ជាដើម។ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ បេក្ខជនបេក្ខនារីដែលឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពួកគេនឹងក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្មថ្មីមួយរបស់ស្ថានីយទូរទស្សន៍អប្សារា ដោយស្វ័យប្រវត្តិដែលនឹងជួយឲ្យពួកគេក្លាយជាតារាចម្រៀងដែលអាចប្រកួតប្រជែងនៅក្នុងវិស័យចម្រៀងបាន។
ដោយឡែក គណកម្មការ និងជាគ្រូបង្វឹកនៅក្នុងកម្មវិធីនេះ ដូចជា លោកអៀង ស៊ីធុល លោកសុះ ម៉ាច និងអ្នកនាងសួន ចន្ថា បានបង្ហាញពីចំណាប់អារម្មណ៍ និងក្ដីរំពឹងដូចគ្នាថា កម្មវិធីនេះបានបំផុសឲ្យយុវវ័យសម័យនេះចេះស្រលាញ់មរតកសំនៀងដើម និងជួយឲ្យពួកគេមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់។ មិនត្រឹមតែប៉ុណ្ណោះ បានជួយដុសខាត់ពួកគេឲ្យក្លាយជាតារាចម្រៀងអាជីពយ៉ាងពិតប្រាកដ ខណៈដែលកម្មវិធីនេះនឹងបង្កើតឲ្យមានប្រចាំឆ្នាំ ដើម្បីជួយលើកស្ទួយវិស័យចម្រៀងនាពេលបច្ចុប្បន្ន៕ ដោយ-គីម ស្រីរ័ត្ន