Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះសំណាក់​លេខ​(8) នៅ​ជាប់​របង​មន្ទីរ​ទំនាក់ទំនង​រដ្ខសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ព្រះសីហនុ របស់​ជនជាតិ​ចិន បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ជិតខាង​

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន នៅ​ជិត​ផ្ទះសំណាក់​យីហោរ​លេខ​ប្រាំបី​(8) មាន​ទីតាំង​នៅ​ជាប់​មន្ទី​រ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​៣ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន បាន​បង្ក​សំឡេង​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​ធ្ងន់ធ្ងរ​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យជួយ​ចុះ​អន្តរាគន៍​ដល់​ពួកគាត់​។​

​ការរំខាន​ដោយ​សំឡេង​លាន់ឮ​កងរំពង​នោះ គឺ​កើត​ចេញពី​ការចាក់​ធុង​ប៉ាស់​ច្រៀង​រាំ​តាំងពី​ព្រលប់​ដល់​ពេល​យប់​ជ្រៅ និង​សំឡេង​រំខាន​ចេញពី​ម៉ាស៊ីនភ្លើង ដែល​ម្ចាស់​ផ្ទះសំណាក់​ខាងលើ​នេះ​បាន​យកមក​ដាក់​នៅ​ជាប់​ជញ្ជាំង​ផ្ទះ របស់​ពួកគាត់​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា ៖ ទី​១- រាល់​ការ​ចាក់ធុងបាស ឬ​ច្រៀង​ខារ៉ាអូខេ សូម​កុំឲ្យ​បំពង​សំឡេង​ចេញ​មក​ខាងក្រៅ​ខ្លាំងៗ​ពេក ជាពិសេស​មិន​គួរឲ្យមាន ក្នុង​ម៉ោង​សម្រាក​ពេលយប់​អាធ្រា​ត្រ ឬ​ពេល​សម្រាន្ត​យប់​ជ្រៅ​ពេក​នោះ​ទេ​។ ទី​២- ស្នើរ​សុំ​ម្ចាស់ផ្ទះ​សំណាក់​លេខ​ប្រាំបី​(៨) គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ខាងលើ ត្រូវ​រៀបចំ​រក​ទីតាំង​ដាក់​ម៉ាស៊ីនភ្លើង​ឲ្យបាន​ត្រឹមត្រូវ និង​រក​វិធី​បន្ថយ​សំឡេង​រំខាន ព្រោះ​សំឡេង ដែល​លាន់​ចេញពី​ម៉ាស៊ីនភ្លើង​បាន​រំខាន​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកជិតខាង​។​

​បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ បាន​ស្នើរ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​យីហោរ​(៨)​ខាងលើនេះ យក​គំរូ តាម ផ្ទះសំណាក់ របស់​ជនជាតិ​ចិន​មួយទៀត​មាន​ទីតាំង​នៅក្បែរ​នោះ ដែល​រស់នៅ​ប្រកប​អាជីវកម្ម ដោយ​គោរព​សិទ្ធិ​អ្នក​ជិតខាង​បាន​ត្រឹមត្រូវ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​។​

​ប្រភព​ព័ត៌មាន​មួយ​បានឲ្យដឹងថា ផ្ទះសំណាក់​(៨) ដែល​គ្រប់គ្រង​ដោត​ជនជាតិ​ចិន​ខាងលើនេះ បាន​បើក​ធ្វើ​អាជីវកម្ម ដោយ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ឲ្យបាន​ត្រឹមត្រូ​វ​នៅឡើយ​ទេ​។​

និយាយ​ដល់​ចំណុច​នេះ ប្រជាពលរដ្ឋ ក៏​ទទូច​ដល់​អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការបើក​ធ្វើ​អាជីវកម្ម របស់​ថៅកែ​ផ្ទះសំណាក់​(៨)​គ្រប់គ្រង ដោយ​ជនជាតិ​ចិន មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ចូល​ទៅ​វត្ត​ក្រោម នៅ​ខាងក្រោយ​វេទិកា​៧​មករា ជាប់​របង​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ព្រះសីហនុ ឲ្យបាន​ឆាប់​ផង​៕ ដោយ​៖ ដែន សីមា​

spot_img
×