ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម វង សូត អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី អបអរសាទរ ខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលគណបក្សចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ព្រមជាមួយ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ឡុង ធាម អនុប្រធាន គណៈកម្មាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក សមាជិកកា មកពីបណ្តាស្ថាប័ន ក្រុង/ស្រុកនានា ក្នុងខេត្ត ចូលរួមប្រមាណជាង១៥០០០នាក់។
ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអានសុន្ទរកថាដ៏មានអត្ថន័យទាំងស្រុង របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានអត្ថន័យខ្លឹមសារយ៉ាងដូច្នេះថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ទទួលបានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។
សុន្ទរកថាសម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេស ជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក។ ទន្ទឹមនោះ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធាន ប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជំរុញការអភិវឌ្ឍវិស័យឯកជន អោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច បង្កើនការងារ និងពង្រីកមុខរបរសម្រាប់ប្រជាជន ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងពីការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជា អោយកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំសម្រេចគោលដៅនៃការអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ ទន្ទឹមនឹងនោះដែរ គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងពង្រីកសេវាសង្គមកិច្ច សម្រាប់ក្រុមជនងាយរងគ្រោះ សំដៅលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ និងបង្កលក្ខណៈ អោយពួកគេបានផ្សាភ្ជាប់ជាមួយនឹងចរន្តនៃការអភិវឌ្ឍ ហើយបន្តជំរុញការធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិ ទំាងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ដោយខិតខំទាញបង្កើនកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍនានា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់គោលជំហរយ៉ាងរឹងមាំ ក្នុងការថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ ជាពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
នៅក្នុងឱកាស គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក៏បានស្នើដល់សមាជិក-សមាជិកា ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីទាំងមូល តំណាងឲ្យប្រជាពលរដ្ឋរស់នៅទូទាំងខេត្តត្បូងឃ្មុំទាំងអស់ សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ ពីរជនទាំងឡាយណា ដែលឃុបឃិត ជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ៕ រក្សាសិទ្ធដោយ : ភ្នំប្រុសភ្នំស្រី














