នេះជារឿងពិតរបស់ស្ត្រីវ័យ ៣៨ឆ្នាំ រស់នៅទីក្រុងព្រៃនគរ។ នាងមានបំណងធ្វើការវះកាត់ចង្ការឲ្យសមនឹងផ្ទៃមុខ។ នាងពិតជាប្រយ័ត្ន ដោយជ្រើសរើសមន្ទីរពេទ្យឯកទេសវះកាត់សម្ផស្ស Emcas ហើយអ្នកវះកាត់ឲ្យនាងជាបណ្ឌិតឯកទេស ធ្វើការនៅមន្ទីរពេទ្យរដ្ឋមួយ ដែលមកទីនេះធ្វើការបន្ថែមក្រៅម៉ោង..។
រឿងរ៉ាវគឺ នៅថ្ងៃទី ១៧/៩ នាង T.T.D បានទៅដល់មន្ទីរពេទ្យវះកាត់កែសម្ផស្ស Emcas នៅខណ្ឌលេខ១០ ដើម្បីធ្វើការវះកាត់កែឆ្អឹងថ្គាម ចង្ការ។ ការវះកាត់ត្រូវបានរួចរាល់នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល។ អ្នកកាត់ត្រូវបានគេដកអុកស៊ីហ្សែន បញ្ជូនមកបន្ទប់រង់ចាំឲ្យដឹងខ្លួនវិញ។ ប៉ុន្តែប្រមាណ ២០នាទី ក្រោយ ក្នុងប្រអប់មាត់របស់នាងឈាមបានហូរចេញ វេជ្ជបណ្ឌិតរបស់ Emcas ក៏ធ្វើការឃាត់ឈាម ដេរភ្ជាប់កន្លែងហូរឈាមនោះ រួចរង់ចាំពិនិត្យបន្តទៀត។ ប៉ុន្តែ៣០នាទីក្រោយមក អ្នកជំងឺមានភាពចុះខ្សោយ ប្រព័ន្ធដកដង្ហើម។ មន្ទីរពេទ្យក៏បើកបំពង់ខ្សល់បន្តសង្គ្រោះបន្ទាន់រួចបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ ១១៥ វេលាម៉ោង ១៤និង៣០នាទី។
តាមរបាយការណ៍របស់មន្ទីរពេទ្យប្រជាជន ១១៥ (ពលរដ្ឋកម្ពុជាទៅព្យាបាលច្រើន) មកដល់ថ្ងៃទី ១៩/៩ អ្នកជំងឺ T.T.D នៅតែពុំទាន់ដឹងខ្លួន ត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។ ពេលនោះចង្វាក់បេះដូង គឺ ១៣៨/នាទី សម្ពាធឈាម 123/90mmHg ។ បេះដូងលោតញាប់តែស្មើ។
មន្ទីរពេទ្យវះកាត់កែសម្ផស្ស Emcas ត្រូវបានក្រសួងសុខាភិបាលវៀតណាមផ្តល់អាជ្ញាប័ណ្ណតាំងពីឆ្នាំ ២០១៣ ហើយអ្នកវះកាត់ទៀតសោត ជាវេជ្ជបណ្ឌិតឯកទេសម្នាក់ជំនាញខាងវិស័យនេះ។
ពុំមានព័ត៌មានអ្វីបន្តចំពោះករណីនេះទេ។ ហេតុនេះសុភាពនារីទាំងឡាយគប្បីយល់ច្បាស់ថា បំណងចង់ស្អាតជារឿងមួយត្រឹមត្រូវ តែវាពិតជាបង្កប់នូវហានិភ័យច្រើនណាស់។
ហេតុនេះសុំសួរថា តើជីវិត និងសម្ផស្សអ្នករើសយក ១ណាដែរ? វានឹងពុំយឺតពេលទេ សម្រាប់ការពិចារណាថា ជីវិតមានតែមួយ សម្ផស្សនិងរុះរោយតាមពេលវេលា។ មុននឹងឲ្យគេស្រឡាញ់នោះអ្នកគួរស្រឡាញ់ខ្លួនឯងសិន។ ប្រសិនស្លាប់នោះ ទោះស្អាតប៉ុណ្ណាក៏ក្លាយជាផេះផង់ដែរ៕ ពីមិត្តអ្នកអាន CEN ម្នាក់