ក្រុមមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យរកឃើញថា ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅតែបន្តបង្ហូរសំណល់រាវ កខ្វក់ ទឹកស្អុយខ្លាំង ធ្វើឱ្យទឹកពុលព្រាំ នៅតំបន់អូរព្រែកផ្អាវ និងតំបន់ព្រែកកំពង់ស្មាច់ ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបស់នេសាទ។
នេះជាលទ្ធផលរបស់ក្រុមមន្ត្រីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះត្រួតពិនិត្យក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ គឺពិតជាបានបំពុលទឹកអូរព្រែកផ្អាវប្រាកដមែន ដែលជាមួយនោះ ក្រុមការងារក៏បានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធផងដែរ គឺមន្ត្រីអាជ្ញាធរ ឃុំទឹកល្អក់ នៃស្រុកព្រៃនប់ បានលើកឡើងថា នៅក្នុងឃុំទឹកល្អក់ មានផលប៉ះពាល់ដោយការបង្ហូរសំណល់រាវដែលមានក្លិនស្អុយ ប៉ះពាល់ចំនួន ២ភូមិ គឺភូមិជ្រលង (មានប្រជាពលរដ្ឋប្រមាណ ២២៤គ្រួសារ ស្មើនឹង ៩៣៥នាក់) រងផលប៉ះពាល់ផ្ទាល់ ប្រមាណ ១៥គ្រួសារ និងភូមិកំពង់ស្មាច់តូច (មានប្រជាពលរដ្ឋប្រមាណ ៣២៣គ្រួសារ ស្មើនឹង ១២៨៧នាក់) រងផលប៉ះពាល់ផ្ទាល់ ប្រមាណ ៧២គ្រួសារ។
មន្ត្រីអាជ្ញាធរ បានឲ្យដឹងថា រោងចក្រខាងលើ បានបង្ហៀរសំណល់រាវដែលមានក្លិនស្អុយ ចូលអូរព្រែកផ្អាវ រួចបន្តចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ ដោយមានប្រជាពលរដ្ឋបានឃើញជាក់ស្តែង ហើយរាយការណ៍មកអាជ្ញាធរភូមិ-ឃុំ និងបានទៅប្រាប់ខាងរោងចក្រច្រើនលើកច្រើនសា ប៉ុន្តែរោងចក្រនេះ មិនមានការកែប្រែអ្វីទេ។ នៅក្នុងភូមិក្បែររោងចក្រមានប្រជាពលរដ្ឋចិញ្ចឹមត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គា ជាលក្ខណៈគ្រួសារ និងមានការនេសាទសមុទ្រជាលក្ខណៈគ្រួសារផងដែរ។
កាលពីពេលមិនទាន់មានរោងចក្រ ប្រជាពលរដ្ឋអាចចិញ្ចឹម ត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គា ដោយទទួលបានផលជារៀងរាល់ឆ្នាំ ដោយពួកគេអាចរកចំណូលបានប្រមាណ ៨ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ, ប៉ុន្តែបច្ចុប្បន្ន អាចរកបាន ៥០០០ទៅ ១ម៉ឺនរៀលប៉ុណ្ណោះ រកប្រាក់ចំណូលបង់ធនាគារមិនគ្រប់, រីឯការចិញ្ចឹមត្រីឆ្ពុង ក្តាមថ្ម ងាវភក់ បង្គាមានការថយចុះ និងងាប់ស្ទើរទាំងស្រុង ព្រោះមានការបង្ហូរសំណល់រាវដែលមានក្លិនស្អុយខ្លាំងចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ បណ្ដាលឲ្យទឹកពុលព្រាំ និងធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញ ដោយមានជំងឺដូចជា ផ្លូវដង្ហើម អាលែហ្សី រមាស់ ជាដើម។
ក្រុមការងារ ក៏ដូចប្រជាពលរដ្ឋ បានពិនិត្យឃើញមាន ទឹកព្រែក ទឹកអូរ មានកំហាប់កំណកខ្លាញ់ និងកម្ទេចកម្ទីស្បែកជាច្រើនកកខាប់ បណ្ដាលឱ្យមានក្លិនស្អុយខ្លាំង ប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ : ពិសិដ្ឋ CEN













