ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ខែមិថុនានេះ សូមជូនដំណឹងដល់សាធារណជនជ្រាបថា កន្លងទៅក្រសួងបានចេញសេចក្តីជូនដំណឹងលេខ០៣សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទាក់ទងនឹងសំណើរបស់លោកស្រី សូ សាវឿន ក្នុងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី គឺលោក កែវ ឯម។
ក្រោយពីបានទទួលធាតុចូលក៏ដូចជាភស្តុតាងបន្ថែមពីសាធារណជននិងអ្នកជំនាញតូរ្យតន្រ្តី ក្រសួងបានពិនិត្យឡើងវិញ ជាលទ្ធផល គឺលទ្ធភាពដែលក្រសួងអាចអនុញ្ញាតជូន លោកស្រី សូ សាវឿន បានមានត្រឹមតែ ១៩បទប៉ុណ្ណោះ លើសំណើស្នើសុំទាំងអស់ចំនួន៤២បទដូចមានភ្ជាប់ជូននូវបញ្ជីបទចម្រៀងក្នុងឧបសម្ព័ន្ធនៃ សេចក្តីជូនដំណឹងនេះ។ ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរង់ចាំទទួលនូវមតិយោបល់ ឬភស្តុតាងពីសាធារណជន អ្នកជំនាញតូរ្យតន្ត្រី ឬរាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងជំទាស់នឹងសំណើរបស់លោកស្រី សូ សាវឿន
ខាងលើនេះ គឺអាចតាមរយៈលិខិតជាលាយលក្ខណ៍អក្សរ ដោយភ្ជាប់មកជាមួយនូវភស្តុតាងរឹងមាំ រួចបញ្ជូនមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន លេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរសព្ទ ០២៣ ៧២៧ ៣៤៧ និង០៧៧ ៦០៩ ៦០៦ សារអេឡិចត្រូនិច info@mcfa.gov.kh និងkangsamoeun@yahoo.com ដើម្បីក្រសួងពិនិត្យលើករណីនៃការជំទាស់សារជាថ្មី។
ការដាក់ពាក្យស្នើសុំជំទាស់លើករណីនេះ មានរយៈពេល០១(មួយ)ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



