Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើជំរឿនមន្ត្រី ជាការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យមានភាពរឹងមាំ ធន់ ប្រកបដោយថាមពល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ឆ្នាំ២០៥០ ដើម្បីទាញផលប្រយោជន៍សម្រាប់កម្ពុជា

ភ្នំពេញ : ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាក្រុមការងារនៃគណៈកម្មការជំរឿន ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ក្នុងប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ ការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រី មិនមែនជារឿងដាច់ដោយឡែកនោះទេ និងមិនមែនជារឿងរបស់ក្រសួងមុខងារសាធារណៈ ដាច់ដោយឡែកនោះទេ តែជារឿងរបស់យើងទាំងអស់គ្នា។ កិច្ចការងារនេះ គឺដើម្បីមានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងមន្ត្រីធ្វើកិច្ចការងារជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។

គួររម្លឹកថា នៅក្នុងសន្និបាតឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់កិច្ចការបន្ថែមឱ្យក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាននៃ គ.វ.រ. ដើម្បីដឹកនាំ និងអនុវត្តនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងសម្រាប់វិស័យអប់រំ វិស័យសុខាភិបាល និងក្រសួង ស្ថាប័ន។ ការធ្វើជំរឿននេះ គឺមានលក្ខណៈផ្សារភ្ជាប់ និងបំពេញឱ្យគ្នាលើការងារ ដែលយើងបានកំពុងអនុវត្តក្នុងក្របខណ្ឌវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន និងក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។

ក្រោយពីស្តាប់បទបង្ហាញរបស់ឯកឧត្តម សយ រាសី អគ្គាធិការនៃអគ្គាធិការដ្ឋាន និងមតិយោបល់ដែលជាធាតុចូលនៃអង្គប្រជុំយ៉ាងផុលផុស លើដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីសិក្សាឱ្យកាន់តែមានភាពច្បាស់លាស់ នៃការបំពេញបែបបទ និងនីតិវិធីទាំងដំណាក់កាលមុនជំរឿន ដំណាក់កាលជំរឿន និងដំណាក់កាលក្រោយជំរឿននៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារគណៈកម្មការជំរឿន រៀបចំសេចក្តីសម្រេច ព្រមទាំងធ្វើការសហការជាមួយក្រសួង ស្ថាប័នសាមីអនុវត្តជាមួយគ្នា ដើម្បី ចូលរួមក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យជាក់លាក់រួមមួយ សម្រាប់ជាមូលដ្ឋានមួយក្នុងការប្រើប្រាស់ជារួម ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យមានភាពរឹងមាំ មានភាពធន់ ប្រកបដោយថាមពល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ឆ្នាំ២០៥០ ក្នុងនាមខ្មែរតែមួយ ដើម្បីទាញផលប្រយោជន៍សម្រាប់កម្ពុជា។

គួររម្លឹកបន្ថែមដែរថា ការជំរឿនមន្ត្រី ត្រូវបានធ្វើឡើង ៣ដងកន្លងមកហើយ។ ក្នុងនោះលើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅឆ្នាំ១៩៩៩ និងលើកទី៣ នៅឆ្នាំ២០១០។ ការធ្វើជំរឿនជាលើកទី៤នាពេលនេះ ដែលមានគោលបំណងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងទិន្នន័យរចនាសម្ព័ន្ធគ្រប់កម្រិត គ្រប់ទិដ្ឋភាព មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍទិន្នន័យមន្ត្រីតាមប្រព័ន្ធព័ត៌មានវិទ្យា និងកែលម្អឱ្យកាន់តែប្រសើរលើប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង៕ រក្សាសិទ្ធដោយ : សុទ្ធលី

×