Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ពីភាពជាដៃគូប្រកបដោយជោគជ័យ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា អស់រយៈកាលជាង ៣០ ឆ្នាំមក ក្នុងការកែលម្អលទ្ធផលក្នុងវិស័យសុខាភិបាល

ភ្នំពេញ : ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា​ នាកិច្ចប្រជុំកាលពីម្សិលមិញ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺបានបញ្ជាក់ពីភាពជាដៃគូប្រកបដោយជោគជ័យ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា អស់រយៈកាលជាង ៣០ ឆ្នាំមក ក្នុងការកែលម្អលទ្ធផលក្នុងវិស័យសុខាភិបាល សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ទីស្តីការក្រសួងសុខាភិបាល៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិក (NIH) ដែល ភ្នាក់ងារទាំងនេះ បានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ នៅកម្ពុជានាពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោកស្រី Bridgette L. Walker ភារៈធារីស្តីទីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកនិងបានជម្រាបជូនដល់ក្រសួងសុខាភិបាល ពីការកែរសម្រួលថ្មីៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។ នៅក្នុងស្ថានភាពនេះលោកស្រីក៍បានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងការបន្តរកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឍឹមថាការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិននេះ នឹងជំនួសមកវិញនូវទម្រង់នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព។

ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌ័នៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកំលាំងកាយចិត្តធ្វើការពន្យល់ដល់រដ្ឋាភិបាលអាមេរិករហូតដល់អាចរក្សាបានគម្រោងមួយចំនួនដែលមានភាពចាំបាច់សម្រាប់ប្រជាជនកម្ពុជាដែលងាយរងគ្រោះពិសេសទាក់ទងនឹង ការងារកាត់បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់និង លុបការឆ្លងរបស់ជំងឺអេដស៍។
ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងរាប់រងការងារឆ្លើយតបនឹងជំងឺឆ្លងដោយខ្លួនឯង និងការតាំងចិត្តទទួលខុសត្រូវក្នុងការចូលរួមជាមួយសកលលោកដើម្បី កាត់ផ្តាច់សង្វាក់នៃការឆ្លងនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ ជំងឺរបេង និង ជំងឺអេដស៍ដែលកម្ពុជាបាននឹងកំពុងសម្រេចបានសមិទ្ធិផលជាទីពេញចិត្ត។ ទន្ទឹមនឹងការតាំងចិត្តនិងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៍នៅតែស្វាគមន៍ជំនួយបន្ថែមពីដៃគូរពាក់ពន្ធ័ទាំងបច្ចេកទេសនិងថវិការដើម្បីជំរុញលទ្ធភាព របស់ប្រពន្ធ័សុខាភិបាលបានកើនឡើងមួយកំរិតទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការគាំទ្រដល់ US-CDC និង NIH ដែលនៅមានសកម្មភាពបន្តរ និង ជំរុញអង្គភាពបច្ចេកទេសសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់បន្តរសហការល្អដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ : សុទ្ធលី

×