Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ដំណើរទស្សនកិច្ច ប្រធានសភា អារ៉ាប៊ីសាអូឌីត ឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ផ្អែកលើការជឿទុកចិត្តគ្នា យកប្រជាពលរដ្ឋជាធំ និងកិច្ចសន្ទនាអន្តរអារ្យធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព និងវិបុលភាព

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅកម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើការជឿទុកចិត្តគ្នា យកប្រជាពលរដ្ឋជាធំ និងផ្អែកលើលទ្ធផលជាក់ស្តែងប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសន្ទនាអន្តរអារ្យធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព និងវិបុលភាព សម្រាប់ពិភពលោកទាំងមូល។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់កម្រិតទំនាក់ទំនងឱ្យឈានខ្ពស់ដល់កម្រិតថ្មីមួយ ដែលនឹងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរបន្តទៀត។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងពិធីលៀងសាយភោជន៍ជូន ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូនៅរាត្រីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៥ នៅសណ្ឋាគាររ៉ូសវូឌ ក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

សម្តេចបានសម្តែងការពេញចិត្ត ជាខ្លាំងចំពោះលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចនិងឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា ក៏ដូចជាជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីពេលរសៀលនេះ ប្រកបដោយភាពស្មោះត្រង់ មានសារៈប្រយោជន៍ និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព និងភាពជាដៃគូដ៏ល្អ ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿជាក់គ្នា និងផ្តល់ផលប្រយោជន៍រួម។

ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ អញ្ជើញមកបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ កាលពីព្រឹកថ្ងៃទី១ កក្កដានេះ ឯកឧត្តមបណ្ឌិត បានជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ហើយនៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានសម្តែងក្តីរីករាយ និងពេញចិត្តជាខ្លាំងចំពោះលទ្ធផលនៃជំនួបពិភាក្សា ទ្វេភាគី កាលពីព្រឹកមិញ ក៏ដូចជាជំនួប ជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតីមិត្តភាព និងភាពជាដៃគូដ៏ល្អ ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿជាក់គ្នា និងផលប្រយោជន៍រួម។ ថ្នាក់ដឹកនាំសភាប្រទេសទំាង ពីរបានប្តេជ្ញារួមគ្នា បន្ត ពូនជ្រំ ថែរក្សានូវសន្ទុះនៃទំនាក់ទំនងដ៏ល្អ នេះ ព្រមទាំងខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែល្អប្រសើរ រឹងមាំ ស៊ីជម្រៅ និងស្ថិតស្ថេរ យូរអង្វែង។

ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានគោរពអញ្ជើញ ឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ឋផល នៃដំណើរទស្សនកិច្ចនាពេលនេះ ហើយដំណើរ ទស្សនកិច្ចនេះ នឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។

ឯកឧត្តមបណ្ឌិតប្រធានសភា បានមានប្រសាសន៍លើកឡើងថា លទ្ឋផលនៃជំនួបពិភាក្សាជាមួយសម្តេចប្រធានរដ្ឋសភានិងសម្តេចប្រធានព្រឹទ្ឋសភាកម្ពុជា ថ្ងៃនេះ នឹងចេញលទ្ឋផល ជាក់ស្តែង ជូនប្រទេសជាតិនិងពលរដ្ឋយើងទំាងពីរ ក្នុងពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជួយឧបត្ថម្ភជារៀងរាល់ឆ្នាំដល់សាសនិកឥស្លាមកម្ពុជា ទៅចូលរួមបុណ្យហាជ្ជ នៅទីក្រុង ម៉ាក្កះ (MECCA) ប្រទេសអារ៉ាបីសាអូឌីត។សហគមន៍ឥស្លាមកម្ពុជាពិតជាមានក្តីសប្បាយរីករាយ និងមោទនភាពជាខ្លាំង ដែលមានឱកាសចូលរួមក្នុងពិធីបុណ្យនេះ។ សម្តេចលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែប្រជាពលរដ្ឋគ្រប់រូបមានសេរីភាពពេញលេញ ក្នុងការគោរពជំនឿសាសនា ដែលខ្លួនពេញចិត្ត។ នេះជាកត្តាធ្វើឱ្យកម្ពុជាមានសុដុមនីយកម្មជំនឿសាសនារៀងរហូតមក៕ រក្សាសិទ្ធដោយ​:សុទ្ធលី

×