Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានថ្លែងអំណរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យសន្តិសុខ សេដ្ឋកិច្ច អប់រំ និងវប្បធម៌

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា ក្នុងឱកាសដែលឯកឧត្តមអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យសន្តិសុខ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងរង់ចាំបន្តផ្ដល់ការគាំទ្រ និងសហការជាមួយឯកអគ្គរដ្ឋទូតថ្មី។

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ដើម្បីជូនជាកិត្តិយសដល់ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតទាំងពីររូបបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យ។ បណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់នេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×