ព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី នៅវិមានព្រឹទ្ធសភា ក្នុងឱកាស ឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ និងស្វាគមន៍ ដែលបានជួប ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សិង្ហបុរី និងគណៈប្រភូ, សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែល្អប្រសើររីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងឯកឧត្តម លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី ហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់។
ក្នុងឱកាសនោះ ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូ យ៉ាងកក់ក្ដៅ។ ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយមានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសតាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោ ចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេសនៅពេលដែលកម្ពុជាដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោថ្មីនាពេលឆាប់ខាងមុខ។
សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។
សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។
ឯកឧត្តមនាយកដ្ឋមន្រ្ដីក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ៕រក្សាសិទ្ធដោយ:សិទ្ធលី






