Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់​

​កំពង់ចាម ​៖ នគរបាល​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ បាន​ចុះ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ទឹក​បឹង​ព្រែក​កំពង់សៀម ស្ថិត​ភូមិ​បន្ទាយ​ថ្មី ដោយបាន​រឹបអូស​វត្ថុតាង​ខុសច្បាប់​លូ​សៃ​ធ្វើ​អំពី​ស្បៃ​មុង ព្រួល​ធ្វើ​អំពី​ស្បៃ​មុង បន្ទាប់​ពី​បង្ក្រាប​ហើយ ដោយ​មាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម កងកម្លាំង​នគរបាល បាន​យក​វត្ថុតាង​ខុសច្បាប់ យក​មក​ដុត​កម្ទេច​ចោល​។​

​ដោយ​អនុវត្ត​តាម​ការចង្អុល និង​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង លោក ឡោ ចាន់​លី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បាន​ចាត់​លោក​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង ដឹកនាំ​កម្លាំង​ប៉ុស្តិ៍ ចូលរួម​សហការ ដោយ​មាន​ការដឹកនាំ​ពី លោក​​មេឃុំ​សំរោង បើក​កិច្ច​ប្រតិបត្តិការ​ចុះ បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ទឹក​បឹង​ព្រែក​កំពង់សៀម ស្ថិត​ភូមិ​បន្ទាយ​ថ្មី ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ ជា​លទ្ធផល​រឹបអូស​វត្ថុតាង​ខុសច្បាប់ រួមមាន​: លូ​សៃ​ធ្វើ​អំពី​ស្បៃ​មុង ចំនួន​៩ មាត់ ព្រួល​ធ្វើ​អំពី​ស្បៃ​មុង ប្រវែង ៣៥០ ម៉ែត្រ បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ប្រហែល ២៥ គីឡូក្រាម ចូល​បឹង​ធម្មជាតិ​វិញ​។ ដោយ​បាន​ការអនុញ្ញាត​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តកំពង់ចាម​វត្ថុតាង​ខុសច្បាប់​ខាងលើ ត្រូវបាន​ក្រុម​ការងារ​ប្រមូល យក​មក​ដុត​កម្ទេច​ចោល នៅ​សាលាឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម រួចរាល់​ហើយ​។​

​ចំណែក​ដោយ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម កម្លាំង​ចម្រុះ​មាន​កម្លាំង​អធិកា​រដ្ឋា​នគរបាល​ស្រុក​បាធាយ បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ (​លូ​ស្បៃ​មុង​) នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ជា​លា ឃុំ​សំបូរ និង​ឃុំ​បាធាយ ស្រុក​បាធាយ ជា​លទ្ធផល​បង្ក្រាបបាន​រួមមាន លូ​ស្បៃ​មុង​ចំនួន​១៥​មាត់ របាំង​ស្បៃ​មុង​ចំនួន​១.១២៥​ម៉ែត្រ បង្គោង​ចំ​រឹងចំនួន​៣១២​ដើម ចាក់​លែង​កូន​ត្រី​ចំនួន​៣២​គីឡូក្រាម​។ ចំពោះ​ឧបករណ៍​និង​សម្ភារ​ខុស​ច្បាប់​ទាំងអស់ បាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​កម្លាំងចម្រុះ បានធ្វើការ​ដុត​កម្ទេច​ចោល នៅ​ចំណុច​ស្ពានដែក​ភូមិសាស្ត្រ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​៕ ​ដោយ​ ៖​ កូឡាប​

×