Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានចំហាយមិនប្រក្រតី ចេញពីអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្សលើសពី ៧២ម៉ោង ក្នុងបណ្ដឹង ” បទរំលោភលើទំនុកចិត្ត ដោយបុគ្គលផ្សេងទៀត ” ជាបទល្មើសមជ្ឈិម ផ្ទុយពីគោលការណ៍ច្បាប់ មាត្រា ៩៦ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ !

ភ្នំពេញ : មានចំហាយមិនប្រក្រតីមួយ ដែលមជ្ឈដ្ឋាននានា និងក្រុមអ្នកច្បាប់ យល់ថា ខុសប្រក្រតីភាព ដែលតំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាមមួយរូប កាន់សំណុំរឿង ” បទរំលោភលើទំនុកចិត្ត ដោយបុគ្គលផ្សេងទៀត ” (ជាបទល្មើសមជ្ឈិម ) ហើយធ្វើការឃាត់ខ្លួន បុរស-ស្ត្រីពីរនាក់ ជាជនរងបណ្ដឹង របស់ក្រុមហ៊ុនឯកជនមួយ ហៅថាគម្រោងដីឡូនាំសំណាង ស្ថិតនៅភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើគិតមកដល់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ការឃាត់ខ្លួនបានឡើងដល់ ៤ថ្ងៃទៅហើយ ដែលបង្ហាញពីភាពផ្ទុយ ឬល្មើសពីគោលការណ៍ច្បាប់ មាត្រា ៩៦ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ , ហើយឥរិយាបថមួយទៀតរបស់តំណាងអយ្យការរូបនេះ គឺមិនអនុញ្ញាតឱ្យមេធាវីការពារក្ដីជនរងបណ្ដឹងថតចម្លងសំណុំរឿង ដើម្បីពិនិត្យមើលការពារក្ដីដល់ជនរងបណ្ដឹងនោះទេ។  

តាមប្រភពព័ត៌មាន ដែលស្នើសុំឱ្យលាក់ឈ្មោះ លាក់ប្រភព ផ្អែកតាមច្បាប់ មាត្រា ២ ស្ដីពី របបសារព័ត៌មាននោះ បានបង្ហាញថា ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ… ( ? ) ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥  ចុះហត្ថលេខា ដោយព្រះអាជ្ញារងមួយរូប ( ? ) នៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកោះហៅ បុរស-ស្ត្រី ពីរនាក់ ឱ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម អគារ… ( ? ) បន្ទប់… ( ? ) វេលាម៉ោង ៨ : ៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥, ហើយបើក្នុងករណីសាមីខ្លួន មិនចូលខ្លួន តំណាងអយ្យការ នឹងត្រូវបញ្ជាឱ្យចូលខ្លួន ( នាំខ្លួន) តាមបញ្ញត្តិមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ដំណើរហេតុបានលាតត្រដាងថា ដោយសារពេលវេលាកៀកថ្ងៃ និងប្រថុចញ៉ុចពេក ជនរងបណ្ដឹងពីរនាក់ខាងលើ បានពឹងពាក់មេធាវីតាមនីតិវិធីច្បាប់ ឱ្យការពារក្ដី ដាក់ពាក្យសុំពន្យារពេល ចូលតំណាងអយ្យការ ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធ , ហើយខាងរដ្ឋបាលអយ្យការក៏បោះត្រាអនុញ្ញាតឱ្យពន្យារពេលត្រឹមត្រូវដែរ។ អ្វីដែលមជ្ឈដ្ឋាននានា ជាពិសេសក្រុមអ្នកច្បាប់  យល់ថា ខុសប្រក្រតី បង្កឱ្យមានការងឿងឆ្ងល់ និងរឹតតែធ្វើឱ្យអារម្មណ៍របស់ជនរងបណ្ដឹង ក៏ដូចមជ្ឈដ្ឋានផ្សេងៗ គិតថា ជារឿងអយុត្តិធម៌មួយនោះ គឺត្រង់ថា មន្ត្រីនគរបាលយុត្តិធម៌ ដែលអះអាងថា ធ្វើតាមបង្គាប់របស់តំណាងអយ្យការខេត្តកំពង់ចាម ក្នុងសំណុំរឿងនេះ តាមឃាត់ខ្លួនជនរងបណ្ដឹងទាំងពីរនាក់ខាងលើ នៅវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅម្ដុំស្ថានីយទូរទស្សន៍ថោន រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ តាមប្រភពថា កម្លាំងនគរបាលមិនបានបង្ហាញដីកានាំខ្លួន ឬដីកាបង្គាប់ ហើយត្រូវអានខ្លឹមសារឱ្យជនរងបណ្ដឹងស្ដាប់ ឱ្យបានស្រួលបួលនោះទេ គឺចាប់ឆៅៗ នាំយកទៅឃាត់ទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមតែម្ដង ទាំងដែលមេធាវីការពារក្ដីជនរងបណ្ដឹងកំពុងតែដំណើរការនីតិវិធីច្បាប់ មានការដាក់លិខិតស្នើសុំពន្យារពេលពីអយ្យការកាន់សំណុំរឿងនេះ ដោយមានបោះត្រារដ្ឋបាលត្រឹមត្រូវ។ 

ការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអស់ពេលមួយយប់ គឺដាក់ក្នុងទ្រុង មិនមែនដាក់ក្នុងបន្ទប់សមគួរនោះទេ ក្នុងឋានៈជាជនរងបណ្ដឹង មានកម្រិតសង្ស័យជាបទល្មើសមជ្ឈិមតែប៉ុណ្ណោះ គឺ ” បទរំលោភលើទំនុកចិត្ត ដោយបុគ្គលផ្សេងទៀត ” ។  លុះថ្ងៃបន្ទាប់ គឺវេលាម៉ោង ៤រសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីនគរបាលក៏នាំយកជនរងបណ្ដឹងទាំងពីរនាក់ប្រុស-ស្រីនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីព្រះរាជអាជ្ញា ឬអយ្យការ កាន់សំណុំរឿង សាកសួរជុំវិញ ” បណ្ដឹងរំលោភទំនុកចិត្ត ដោយបុគ្គលផ្សេងទៀត ” ។ តាមប្រភពថា ក្នុងបន្ទប់អយ្យការ ចាប់ពីវេលាម៉ោង ៤រសៀលទៅ គឺមិនបានសាកសួរអ្វីច្រើននោះទេ គេធ្វើការរបៀបអែអង់ៗ ទុកមនុស្សរហូតដល់ម៉ោងជិត ៧យប់ ទើបឱ្យមន្ត្រីនគរបាលនាំយកជនរងបណ្ដឹងទៅផ្ញើទុកនៅស្នងការមួយយប់ទៀត គឺដាក់ក្នុងទ្រុងដដែល, មានន័យថា ការឃាត់ខ្លួនឡើងដល់ពីរយប់ហើយ។

តាមប្រភព បានលើកឡើងទៀតថា ពេលចេញពីអយ្យការ នៅតាមផ្លូវមន្ត្រីនគរបាល បានឈ្លេចសួររកលេខសម្ងាត់ទូរស័ព្ទ ឬ Password ពីជនដែលរងបណ្ដឹងទៀតផង ដោយអះអាងថា តំណាងអយ្យការកាន់សំណុំរឿង ឱ្យសួរ ឬឱ្យយក។

រហូតមកដល់ថ្ងៃទី២ និងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ការឃាត់ខ្លួនរបស់អយ្យការកាន់សំណុំរឿងទៅលើជនរងបណ្ដឹងទាំងពីរនាក់ ឡើងដល់ ៤ថ្ងៃហើយ មានន័យថា លើសពី ៧២ម៉ោងទៅហើយ ដែលផ្ទុយពីគោលការណ៍ច្បាប់ តាមនីតិវិធីក្រមព្រហ្មទណ្ឌ អនុញ្ញាតឱ្យមានការឃាត់ខ្លួនជនសង្ស័យត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ, ហើយបើ ករណីពិសេស ទំហំបទល្មើសមានបង្កព្យសនកម្មខ្លាំង អាចឡើងដល់ ៧២ម៉ោង , មានន័យថា គោលការណ៍ច្បាប់ឃាត់ខ្លួន អនុញ្ញាតឱ្យ ៤៨ម៉ោង ហើយបូកនឹងព្រះរាជអាជ្ញាមានសិទ្ធិពន្យារពេល ២៤ម៉ោងទៀត គឺសរុបទៅ ៧២ម៉ោងប៉ុណ្ណោះ , ហើយបើលើសពី ៧២ម៉ោងទៅ ការអនុវត្តនីតិវិធីនេះ គឺលុះត្រាណាតែហួសដៃព្រះរាជអាជ្ញាកាន់សំណុំរឿងនេះ, ការឃាត់ខ្លួនជនសង្ស័យ ឬជនរងបណ្ដឹងណាម្នាក់ លើសពី ៧២ម៉ោង ឡើងទៅ ត្រាណាតែមានដីកាបង្គាប់ច្បាស់លាស់ពីចៅក្រមស៊ើបសួរនៃតុលាការ បើពុំដូច្នេះទេ គឺបំពានច្បាប់ហើយ។

យោងមាត្រា ៩៦ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ ការឃាត់ខ្លួនជនសង្ស័យ ឬជនរងបណ្ដឹង ឬជនដែលអាចផ្ដល់ព័ត៌មានស្ដីអំពីរឿងហេតុក្នុងបណ្ដឹង ផ្អែកតាមគោលការណ៍ច្បាប់ ការឃាត់ខ្លួនមានថិរវេលា យ៉ាងយូរ ៤៨ម៉ោងប៉ុណ្ណោះ, ក្នុងករណីពិសេស បទឧក្រិដ្ឋ ព្រះរាជអាជ្ញាអាចធ្វើលាយលក្ខណ៍ជាអក្សរ បន្តឱ្យមានការឃាត់ខ្លួន មិនឱ្យលើសពី ២៤ម៉ោងទៀតនោះទេ បើផ្ទុយពីនេះ គឺខុសច្បាប់ហើយ ខុសគោលការណ៍ច្បាប់, ហើយសម្រាប់ជនរងបណ្ដឹងខាងលើនេះទៀតសោត គឺមិនពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋនោះទេ គឺជាបទល្មើសមជ្ឈិមតែប៉ុណ្ណោះ ហេតុអ្វីក៏ក្នុងដំណាក់កាលស៊ើបអង្កេតរបស់ព្រះអាជ្ញា ឃាត់ខ្លួនជនរងបណ្ដឹងរហូតដល់ទៅ ៤ថ្ងៃឯណោះ លើសពី ៧២ម៉ោងទៅហើយ ដូច្នេះមជ្ឈដ្ឋានសាធារណ: សូមសួរថា តើគេសំអាងទៅលើគោលការណ៍ច្បាប់អ្វីទៅ ?!

ករណីបញ្ជាឱ្យជនរងបណ្ដឹងប្រាប់ពីលេខសម្ងាត់ ឬ  Password ទូរស័ព្ទ ត្រាណាតែមានតម្រុយពិរុទ្ធភាពពាក់ព័ន្ធនឹងទូរស័ព្ទនោះ ឬថា អាចផ្ដល់ប្រយោជន៍ដល់ការស៊ើបអង្កេតទាក់ទងគ្នា ទើបមានសិទ្ធិឆែកមើល ឬយក Password ពីជនដែលរងបណ្ដឹងបាន, បើពុំនោះទេ គឺបំពានច្បាប់ស្ដីពីសិទ្ធិឯកជនភាព។

ភាពមិនប្រក្រតី និងហេតុផលមួយចំនួន ដែលមជ្ឈដ្ឋាននានា យល់ថា មិនត្រឹមត្រូវ រួមមាន ÷

១- ឃាត់ខ្លួនមនុស្សមិនមានដីកាបង្គាប់ ឬអានខ្លឹមសារឱ្យសាមីជនដែលរងបណ្ដឹងនោះ ស្ដាប់ឱ្យបានត្រឹមត្រូវ តាមទម្រង់បទល្មើស។

២- ឃាត់ខ្លួនមនុស្សលើសពី ៧២ម៉ោង ក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបអង្កេតដំបូង ផ្ទុយពីគោលការណ៍ច្បាប់ មាត្រា ៩៦ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់ឱ្យត្រឹមដំណាក់កាលព្រះរាជអាជ្ញា អាចពន្យារពេលឃាត់ខ្លួនមនុស្សយ៉ាងយូរ ២៤ម៉ោងប៉ុណ្ណោះ បូកនឹងគោលការណ៍ច្បាប់ ៤៨ម៉ោងទៀត សរុបទៅ តែ ៧២ម៉ោងទេ តែនេះ ឃាត់ខ្លួនមនុស្សឡើងដល់ ៤ថ្ងៃទៅហើយ និងលើសពី ៧២ម៉ោងហើយ តើភាពយុត្តិធម៌ និងសមធម៌ នៅឯណា ?! 

៣- ហេតុអ្វី បានជាអយ្យការកាន់សំណុំរឿងនេះ មិនអនុញ្ញាតឱ្យមេធាវីថតចម្លងពាក្យបណ្ដឹងដែលភាគីម្ខាងទៀត បានប្ដឹងជនរងបណ្ដឹងទាំងពីរនាក់នេះ យ៉ាងដូច្នេះ ?! ឥរិយាបថបែបនេះ សួរថា តើជនរងបណ្ដឹង អាចការពារខ្លួនដោយស្របច្បាប់ និងយុត្តិធម៌ បានដូចម្ដេចទៅ ?!

៤- ជនរងបណ្ដឹង បានពឹងពាក់មេធាវី ធ្វើនីតិវិធីច្បាប់ សុំពន្យារពេលចូលខ្លួនទៅតំណាងអយ្យការរួចទៅហើយ និងមានបោះត្រាទទួលស្គាល់ថែមទៀត ហេតុម្ដេចតំណាងអយ្យការ បញ្ជាឱ្យកម្លាំងនគរបាលឃាត់ខ្លួនជនរងបណ្ដឹង ទាំងដែលភាគីរងបណ្ដឹងនេះកំពុងដើរតាមនីតិវិធីផ្លូវច្បាប់រួចទៅហើយ គឺដាក់មេធាវីការពារក្ដី។

៥- ឯណាទៅ សិទ្ធិជនត្រូវចោទ ឬជនសង្ស័យ ដែលត្រូវដឹងអំពីសំណុំរឿងដែលគេប្តឹងខ្លួន ?!

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាក៏សង្ឃឹមផងដែរថា ធ្វើជាតំណាងអយ្យការទៅហើយ អនុវត្តការងារច្បាប់ នឹងមិនផុងខ្លួនឱ្យខុសច្បាប់នោះទេ, ហើយ CEN ក៏សង្ឃឹមយ៉ាងដូច្នេះដែរ… ប៉ុន្តែ អ្វីដែលខុស និងត្រូវ ឬយ៉ាងណានោះ គឺស្ថិតនៅលើស្ថាប័នច្បាប់មានសមត្ថកិច្ចតែប៉ុណ្ណោះ ជាអ្នកវិនិច្ឆ័យ និងវាយតម្លៃ។

យោង មាត្រា ៣៥១ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ញត្តិឱ្យអនុវត្ត គឺ «វិមតិសង្ស័យ ត្រូវតែបានជាអត្ថប្រយោជន៍ដល់ជនជាប់ចោទជានិច្ច» , ពោលគឺ នៅចំពោះមុខតុលាការ តំណាងអយ្យការ ត្រូវទទួលបន្ទុកក្នុងការផ្ដល់នូវភស្តុតាងពិតប្រាកដ និងរឹងមាំ ដែលបង្ហាញច្បាស់លាស់ពីពិរុទ្ធភាពរបស់ជនជាប់ចោទ ហើយភស្តុតាងទាំងនោះត្រូវតែហួសពីវិមតិសង្ស័យ និងជឿទុកចិត្តបាន ក្នុងការអនុវត្តនីតិវិធីលើជនសង្ស័យ ឬជនជាប់ចោទ។

យោង មាត្រា ៣៨ : ច្បាប់កំពូលនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា បានចែងថា ការធានារ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ , ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ , ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំ តាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ, ពោលគឺ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ៕ រក្សាសិទ្ធដោយ : CEN

×