ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៥ខែកក្កដានេះ បានថ្លែងថា សម្តេចទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖
ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨
ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។
លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។
ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។
ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទុស្សរ៉ាយ នឹងសេចក្តីសុខសាន្ត ក្នុងព្រះនរគ និងក្រៅព្រះនគរហើយ រត់ទៅជ្រកនឹងបរទេសដើម្បីនឹងបន្តសកម្មភាព វិទ្ធស្សនាតទៅទៀត (ដូចក្នុងឯកសារ)»៕ រក្សាសិទ្ធដោយ : សុទ្ធលី







