ភ្នំពេញ៖ «រួមគ្នាគិត រួមគ្នាធ្វើ និងដឹកនាំ នៅក្នុងការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ក៏ដូចជាការប្រើប្រាសធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព ការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប» នេះជាការលើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា នៅរសៀល ថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំថ្មី នៃក្រសួងបរិស្ថានសម្រាប់អាណត្តិទី៦ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍ ដើម្បីជំរុញ និងគូសវាសផែនទី បែងចែកតួនាទីភារកិច្ចក្នុងការអនុវត្តការងារ សំដៅធានាបាននូវតុល្យភាព សេដ្ឋកិច្ច បរិស្ថាន សង្គម។ កិច្ចប្រជុំពេលនេះ ជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ធ្វើយ៉ាងណាឱ្យក្របខណ្ឌយុទ្ធសាស្ត្រ ឆ្នាំ២០១៨-២០២៣ ដើម្បីអនុវត្តការងារលើវិស័យបរិស្ថានទទួលបានគុណភាព និងនិរន្តរភាពបរិស្ថាន។
ផែនការយុទ្ធសាស្ត្រក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ត្រូវធានាការពារធនធានធម្មជាតិរបស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងសង្គម ដែលជាចក្ខុវិស័យអភិវឌ្ឍដោយចីរភាពក្នុងឆ្នាំ២០២៣ ដែលជាមាគ៌ាឆ្ពោះទៅរកអនាគតមួយប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយបរិស្ថានល្អផងដែរ៕ ដោយ ៖ កូឡាប