Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖​ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារ​ទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់​នាព្រឹកថ្ងៃនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលថ្មីទាំងនេះនឹងរួមចំណែកកាន់តែច្រើនបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាបម្រើដល់វិស័យអប់រំជាទូទៅ។ គិតមកដល់ពេលនេះក្នុងខេត្តកំពង់ស្ពឺមានអគារសិក្សាសរុបចំនួន១.១៥៨ខ្នង ដែលស្មើនឹង ៥.១៣៩ បន្ទប់។ នេះជាវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលពីមួយឆ្នាំទៅមួយឆ្នាំតែងមានការប្រែប្រួលរីកចម្រើនទៅមុខជាបន្តបន្ទាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកិច្ចការចាំបាច់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានជំរុញជាប់ជាប្រចាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយអនុប្រធានធនាគារពិភពលោក សម្តេចបានលើកឡើងថា កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ប៉ុន្តែបើមិនមានចំណេះជំនាញ និងសមត្ថភាពទេនោះ គឺមិនអាចចូលរួមក្នុងកិច្ចអភិវឌ្ឍជាតិនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាក្នុងសង្គមកម្ពុជាកាលពីដើមមិនសូវមានឱកាសព្រោះខ្វះសាលារៀន សាលានៅឆ្ងាយៗ តែបច្ចុប្បន្នឱកាសមានច្រើន ព្រោះសាលាត្រូវបានពង្រាយទៅជិតផ្ទះប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធអប់រំ លើកកម្ពស់កម្មវិធីអប់រំ និងគុណវុឌ្ឍិគ្រូបង្រៀន ជាធាតុដ៏ចាំបាច់សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកសម្តីលោក ពិត ចំណាន បញ្ជាក់ទៅកាន់កម្មិវធីថា គ្រូបង្រៀន មិនមែនជាសេដ្ឋីនៃទ្រព្យនោះទេ តែជាសេដ្ឋីនៃកិត្តិយស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រូ និងអាណាព្យាបាល ចងក្រងគ្នាជាបណ្តាញ ដើម្បីតាមដានការសិក្សារបស់កូន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មោទនភាពរបស់យើង មិនមែនសាលាល្អនោះទេ គឺសិស្សទទួលបានជោគជ័យក្នុងជីវិតរយៈពេល ១០ឆ្នាំ ទៅ២០ឆ្នាំក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនគោលដៅ «គវអ» ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអប់រំខេត្ត ឱ្យកាន់តែរឹងមាំ ទំនើប និងប្រកបដោយ​នវា​នុវត្តន៍ សំដៅធានាបាននូវសេវាអប់រំដែលមានគុណភាព ប្រសិទ្ធភាព និង សមធម៌ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តជំរុញការសិក្សាពេញមួយជីវិតតាមរយៈការបង្កើត និងការដាក់ចេញនូវគំនិតផ្តួចផ្តើមនានា ដែលចូលរួមលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបានឱកាសសិក្សា និង បណ្តុះបណ្តាលជាបន្តបន្ទាប់ សំដៅរក្សាភាពប្រកួតប្រជែង និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្ដែងនៃទីផ្សារការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូសំដៅលើកកម្ពស់គុណវុឌ្ឍគ្រូ ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ជាតិ និង អន្តរជាតិ, ដោយត្រូវផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀន ជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តធ្វើសមាហរណកម្ម​បច្ចេក​វិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌល​អប់រំឌីជីថល, ការរៀបចំថ្នាក់រៀនឆ្លាតវៃ និង ការភ្ជាប់បណ្ដាញអ៊ីនធឺណិត នៅតាម​គ្រឹះស្ថានសិក្សា, ព្រមទាំងបន្ត លើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូល​ការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង ការរៀន, កែលម្អមាតិកាសិក្សា និង ផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានទូលំទូលាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តលើកកម្ពស់អនាម័យនៅតាមសាលារៀន ដោយត្រូវត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់​ភ្លាមៗ ព្រម​ទាំងបង្កើនការអប់រំអំពីសុខភាពសិក្សា និង សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា បន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាមជាដើម ។ ទន្ទឹមនេះ, ត្រូវគិតគូរអំពីការដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្ស នៅតាមសាលារៀន ដោយត្រូវបញ្ចូល កម្មវិធីអប់រំសុខភាពផ្លូវចិត្ត និង សុខុមាលភាពនៅក្នុងសាលារៀន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, អង្គការជាតិ-អន្តរជាតិ សូមបង្កើន​ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា តាមរយៈ ការពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សកម្ពុជា, ផ្គួបផ្សំជាមួយការពង្រឹងសីលធម៌បុគ្គល សំដៅ លើកកម្ពស់ជីវភាព និងសុខុ​មាលភាពរបស់បុគ្គល គ្រួសារ និងប្រជាពលរដ្ឋកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×