ភ្នំពេញ៖ បណ្តាញសង្គមហ្វេសប៊ុក បានសរសេររិះគន់ លើការបង្ហាញនូវរបាំល្ខោនខោល ក្នុងពេលប្រកួតបាល់ទាត់ កាលពីរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានកាត់ទង់របស់ស្រាបៀរកម្ពុជា ក្នុងទីលានប្រកួតនាពហុកីឡដ្ឋានជាតិអូឡាំពិច ។ ការបង្ហាញពីអត្តសញ្ញាណជាតិ គួរតែក្រុមអ្នកសម្តែងរបាំល្ខោនខោល កាន់ទង់ជាតិកម្ពុជាបានត្រឹមត្រូវ មិនមែនកាន់ទង់ស្រាបៀរកម្ពុជា មកគ្រវីពេញស្តាតបែបនេះទេ ដែលវាប្រាសចាកពីការផ្សព្វផ្សាយវប្បធម៌ ។
លោកផេង វណ្ណៈ បានសរសេរក្នុងផេករបស់លោកថា “ល្ខោនខោលជារបស់ស្រាបៀរកម្ពុជា ? ចុះទង់ជាតិកម្ពជា យកទៅទុកនៅឯណា បានយកទង់ស្រាបៀរ មកលើកកណ្ដាលវាលបែបនេះ ? ឬមួយតួអង្គល្ខោនខោល សម្រាប់តែស៊ីឈ្នួលផ្សាយពាណិជ្ជកម្មស្រាបៀរ ?”។
ប្រិយមិត្តហ្វេសប៊ុក ឈ្មោះ Bo Chan Dara បានសរសេរថា ពេលដែលលុយបិទមុខ ភ្លេចទាំងទង់ជាតិរបស់ប្រទេសទៀត ! ។ Sarorth Sor បានខំមិនដែរថា ចុះលោកម្ចាស់ក្រុមហ៊ុន មិនលើកលែងខ្លះផងលោក នេះជាវប្បធម៌ខ្មែរ មិនមែនតារាទេ សូមយល់ខ្លះផង ដូចមិនសមភ្នែកសោះ ផ្សាយផ្ទាល់ផង ។ រីឯ ជា ប៊ុនឈឿន ក៏បានខំមិនស្នើសូមរាជរដ្ឋាភិបាល គួរបញ្ឈប់ការផ្សព្វផ្សាយ ស្រាបៀរគ្រប់ប្រភេទ តាមរយៈទូរទស្សន៍ វិទ្យុ ជាពិសេសស្លាសញ្ញាព្រោងព្រាត ពេញផ្លូវ រហូតដល់ជនបទ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុក ឈ្មោះ Nary Kong បានសរសេររិះគន់ផងដែរថា យកល្ខោនខោលធ្វើអាជីវកម្មផ្សាពាណិជ្ជកម្មឲ្យស្រាបៀរ ហះហះហះ ស្មានតែលើកតម្កើងល្ខោនសិល្បៈខ្មែរឲ្យល្បីល្បាញ តាមពិតលើកស្លាកស្រាបៀរឲ្យល្បីតាមត្រឹមត្រូវជាង។
ចំណែក គណនីហ្វេសប៊ុក ឈ្មោះ Soler Ai បានបញ្ចេញមតិថា ចុះបើថ្លៃខោអាវហនុមាន Cambodia អ្នកចេញ… ហនុមានលោកច្បាស់លាស់ណាស់ អារឿងទង់នេះ អាណាចេញលុយ លើកអាហ្នឹង!!! មិនមែនក្រសួងណា… ហើយម្យ៉ាងក្រសួងឲ្យស្ងប់ស្ងាត់ជាងនេះសិនផង…!!!។ ចំណែកហ្វេសប៊ុក ឈ្មោះ Nhim Veasna បានខំមិនថា ចង់ឲ្យពិភពលោកស្គាល់ជារបស់កម្ពុជា តែមិនលើកទង់ជាតិកម្ពុជាទេ ទៅលើកឯណាឯណីវិញ អត់យល់ ៕ ដោយ ៖ បញ្ញាស័ក្តិ