កំពង់ឆ្នាំង ៖ ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ,ទប់ស្កាត់បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និង សហការជាមួយក្រសួង-ស្ថាប័ននានា សំដៅពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែន រីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា៖ ការបង្កើត កងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, ទប់ស្កាត់ បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងសហការជាមួយក្រសួង-ស្ថាប័ននានា សំដៅពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ បើសិនជាគ្មានការពុះពារ គ្មានការខិតខំប្រឹងប្រែង គ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ ទីនេះមិនអាចប្រែក្លាយពីកន្លែងទីវាល ទៅជាកន្លែងដែលមានលទ្ធភាពទទួលការហ្វឹកហ្វឺននោះទេ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំដោះស្រាយការវាស់វែង ការធ្វើឱ្យច្បាស់លាស់នូវបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង គឺកម្ពុជាប្រកាន់ជំហរដូចតទៅ៖ ១)កម្ពុជាប្រកាន់នូវគោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ រួមទាំងប្រទេសថៃ, ២) កម្ពុជាបន្តសហការជាមួយប្រទេសថៃ នៅក្នុងការវាស់វែង ជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដែលអនុលោមតាមកិច្ចព្រមព្រៀងជាធរមានរួមទាំង MOU ២០០០ ដែលអនុវត្តដោយ JBC លើកលែងតែតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជាសម្រេចយកទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ,ទី៣) កម្ពុជាសម្រេចយកតំបន់ទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ព្រោះយើងយល់ថា ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគី គឺមិនអាចទៅមុខរួចទេ។ ផ្ទុយទៅវិញ វានឹងនៅជាប់គាំងរយៈពេលវែង ហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធមិនចេះចប់មិនចេះហើយ ដូចកាលពីឆ្នាំ២០០៨ ២០១១។ បើសិនជាមិនមានដំណោះស្រាយណាមួយដែលភាគីទាំងពីរអាចទទួលយកបាន ហើយបញ្ចប់ចំណុចវិវាទ និងបញ្ហាសាំញ៉ាំនេះឱ្យចប់សព្វគ្រប់នោះទេ យើងនឹងប្រឈមនឹងហានិភ័យនៃការប៉ះទង្គិចគ្នា និងការប្រឈមមុខគ្នាមិនត្រឹមកងទ័ពនិងកងទ័ពទេ សូម្បីតែប្រជាជននៅតំបន់ទាំងនោះរាប់សិបទសវត្សរ៍តទៅទៀត និង៤)កម្ពុជាប្រើយន្តការបច្ចេកទេស ច្បាប់ បទដ្ឋានគតិយុត្តិទាំងជាតិ និងអន្តរជាតិដើម្បីដោះស្រាយ ជៀសវាងនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលមិនចាំបាច់ ប៉ុន្តែ កម្ពុជាត្រូវរក្សាសិទ្ធិគ្រប់មធ្យោបាយទាំងអស់នៅក្នុងការការពារខ្លួនរួមទាំងកងកម្លាំងប្រដាប់អាវុធ ប្រសិនបេីមានការឈ្លានពាន។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតីបានថ្លែងបញ្ជាក់បន្ថែមអំពីការបេីកច្រកព្រំដែន និងការកែសម្រួលកងទ័ព(អង្គភាពដែលមិននៅតាមព្រំដែន)រវាងកម្ពជា-ថៃ ថាជារឿងសាមញ្ញបំផុត។ កម្ពុជាចង់បាននូវការទុកចិត្ត និងភាពជឿជាក់មួយច្បាស់លាស់។ ចំពោះការបេីកច្រកព្រំដែន ត្រូវផ្អែកលេីលក្ខខណ្ឌបីរួមមាន៖ ១/ ប្រកាសបើកច្រកព្រំដែនមុន ជាឯកតោភាគី និងប្រកាសថានឹងមិនមានការបិទជាឯកតោភាគីទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបេីកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និង៣/ ត្រូវបើកច្រកព្រំដែនឱ្យដូចស្ថានភាពមុនថ្ងៃ៧ មិថុនា ។ កម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។ ចំពោះការកែសម្រួលកងទ័ព សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គឺត្រូវបង្កើតឱ្យមានការទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហា។ ក្នុងន័យនេះការចចារក្នុងការកែសម្រួលកងទ័ពអាចកេីតមានឡេីងបាន ក្រោយពេលច្រកព្រំដែនទាំងអស់ត្រូវបេីកឱ្យមានប្រក្រតីភាពឡើងវិញដូចមុនថ្ងៃ៧ មិថុនា ។
មុននឹងបញ្ចប់, សម្តេចបរវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីឱ្យមានប្រសិទ្ធភាព និងគុណភាពក្នុងការអភិវឌ្ឍ និងពង្រឹងកងកម្លាំង ត្រូវឈរលើការធ្វើទំនើបកម្មកងទ័ព ចំនួន ៣យ៉ាង គឺ៖ ១/ ទំនើបកម្មហេដ្ឋរចនាសម្ព័ន្ធ គឺត្រូវធ្វើឱ្យចំគោលដៅក្នុងការការពារជាតិ ការពារទឹកដី, និងត្រូវធ្វើបច្ចុប្បន្នភាពកម្លាំងស្របតាមបច្ចេកវិទ្យា ដើម្បីឱ្យស្របតាមតួនាទី និងភារកិច្ច, ២/ ទំនើបកម្មធនធានមនុស្ស គឺការហ្វឹកហ្វឺនដោយត្រូវពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺន និង ៣/ ទំនើបកម្មសមត្ថភាពគ្រឿងបំពាក់។ ក្នុងស្មារតីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍មួយចំនួនដូចជា៖ ១/ គាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែក ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ, ២/ ចំពោះការស្ថាបនាផ្លូវក្នុងតំបន់នេះ ប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍជនបទ ក្នុងការសិក្សា និងដំណើរការ, ៣/
កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាព, ៤/ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់ថ្មី តាមតម្រូវការ និងបច្ចេកទេស, ៥/ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ៦/ ត្រូវតែជាកងកម្លាំងដ៏មានវិជ្ជាជីៈខ្ពស់ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និង៧/ ខិតខំបន្តស្មារតីតស៊ូអត់ធន់ យកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







