ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញ ចូលរួមនិងគាំទ្រដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (AIPA Caucus )លើកទី១៦។
សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ សមាជិកអន្តរសភាអាស៊ាន(អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍ ភ្ញៀវរបស់កម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា បានចែករំលែកបទពិសោធន៍ ទស្សនៈដោយបើកចំហ ប្រកបដោយភាពស្មោះត្រង់ជាមួយនឹងស្មារតីនៃមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហារួមសម្រាប់ពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីលៀងសាយភោជន ជូនគណៈគណៈប្រតិភូបរទេសទំាងអស់ ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថាកិច្ចប្រជុំបានស្តាប់របាយការណ៍របស់ប្រទេសនីមួយៗស្តីពីវឌ្ឍនភាពនៃការអនុវត្តនូវសេចក្តីសម្រេចរបស់ អាយប៉ានិងរបាយការណ៍របស់អគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។ នេះពិតជាមោទនភាពបង្ហាញពី រីកចម្រើនគួរជាទីមោទនៈ របស់អាយប៉ា។ក្នុងពិធីលៀងសាយភោជនក្រោមបរិយាកាសរីករាយស្និទ្ធស្នាល សាមគ្គីភាព សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា “យើង បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មលើការជំរុញការទូតសភាដើម្បីសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ លើសពីនេះទៅទៀត យើងបានឱ្យយុវជនរបស់យើងចូលរួមជាមួយ AIPA ផងដែរ តាមរយៈកម្មវិធី AIPA Roadshow ពីព្រោះសំឡេងរបស់ពួកគេមានសារៈសំខាន់ណាស់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអាស៊ានដែលផ្តោតលើប្រជាជនជាស្នូល”។
សភាកម្ពុជាបានធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» (Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីសមាជិកសភាគ្រួសារអាយប៉ា (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត១០០នាក់។
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា AIPA គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ ដែលកំពុងតែមានភាពសកម្មជាងមុន មិនមែនគ្រាន់តែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យប្រាកដថាការសន្យានឹងក្លាយជាការពិត។ លទ្ធផលនៃកិច្ចប្រជុំ AIPA Caucus លើកទី ១៦ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ដែលត្រូវរក្សានូវសន្ទុះនេះ។
សម្តេចមានប្រសាសន៍បន្តថា “តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេស និងតំបន់ផ្សេងទៀត យើងអាចបង្កើតកម្លាំងវិជ្ជមាននៃការផ្លាស់ប្តូរកាន់តែច្រើនបន្ថែមទៀតយើងនឹងជួបជុំគ្នាម្តងទៀតនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាត AIPA លើកទី ៤៦ ។ ខ្ញុំជឿជាក់ថា ទស្សនៈ គំនិត និងយោបល់ដែលយើងបានចែករំលែកគ្នានៅទីនេះ នឹងជួយយើងក្នុងការតៀមរៀបចំសម្រាប់មហាសន្និបាតនាពេលខាងមុខនោះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី







