Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពី ច្បាប់ ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមិនចាំបាច់មានអចលនទ្រព្យធានា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរំលឹកបន្ថែមដល់អាជីវករ ពាណិជ្ជករ អ្នកជំនួញជួញដូរ អំពីការយល់ដឹងនៃប្រើប្រាស់ច្បាប់ ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលជួយជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម SMEs ព្រមទាំងអ្នកប្រកបរបរ កសិ-ពាណិជ្ជកម្ម អាចមានលទ្ធភាពទទួលបានឥណទានបន្ថែម ដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មរបស់ខ្លួន ដោយមិនចាំបាច់ប្រើប្រាស់អចលនទ្រព្យធានា, ពោលគឺ មិនចាំបាច់ដាក់ អចលនវត្ថុ អគារ ផ្ទះសម្បែង ដីធ្លី ឬបុគ្គលណាធានានោះទេ ព្រោះច្បាប់បានធានារួចហើយ។

ដើម្បីឱ្យកាន់តែទូលំទូលាយ ច្បាប់នេះ ដ្បិតត្រូវបានដាក់ឱ្យប្រើប្រាស់ជាយូរមកហើយក៏ដោយ ប៉ុន្តែត្រូវផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត នៅតាមបណ្ដាខេត្ត-រាជធានី, តួយ៉ាង ក្នុងសិក្ខាសាលាមួយធ្វើឡើងនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងនោះ មានការណែនាំបង្ហាញរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង និងកិច្ចប្រតិបត្តិការផ្សេងៗ ត្រូវបានផ្សព្វផ្សាយ ក្រោមអធិបតីភាព លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តស្ទឹងត្រែង ជាច្រើននាក់, គោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ។

លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានានេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៧ និងត្រូវបានដាក់ឱ្យដំណើរការ ទទួលតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានាចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែ យើងត្រូវធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត ព្រោះច្បាប់នេះ មានគោលបំណងជួយដល់វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម កសិករ ពាណិជ្ជករ អាចយកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការរកធនធាន ហិរញ្ញប្បទាន សម្រាប់ធ្វើអាជីវកម្ម របស់ខ្លួន ដែលមានការធានាដោយច្បាប់។

ចំណុចសំខាន់បំផុតនៃច្បាប់នេះ គឺការបង្កើតនូវយន្តការគតិយុត្តិ ដែលជួយដល់កសិករ ពាណិជ្ជករ អាជីវករ វិនិយោគិន និងភាគីពាក់ព័ន្ធ តាមរយៈការបើកឱ្យមាននូវយន្តការខ្ចីបុល ដោយមានការដាក់ចលនវត្ថុជាទ្រព្យធានា ក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយមិនចាំបាច់ប្រើប្រាស់អចលនវត្ថុ ដូចជា អគារ ដីធ្លី ផ្ទះសម្បែង ឬបុគ្គល ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួនឡើយ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×