Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ស្ថាបនា ចាប់ផ្តើម​ប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី ប្រមាណ​២​លាន​ដុល្លារ ស្រប​តាម​រាជរដ្ឋាភិបាល​

ភ្នំពេញ ៖ ធនាគារ ស្ថាបនា ចាប់ផ្តើម​ប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី​របស់​ខ្លួន ចាប់ពី​ថ្ងៃ​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​តទៅ ក្នុងតម្លៃ​ប្រមាណ​ជាង​២​លាន​ដុល្លារ រយៈពេល​៦​ខែ នៅ​ទូទាំង​ប្រទេស​ដែលមាន​១៦៨​សាខា តាម​សំណើ​របស់​រាជរដ្ឋាភិបាល ឲ្យមាន​ការផ្លាស់ប្តូរ​ដូចធនា​គារ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​ក្នុង​ពិធី​សម្ពោធ ស្លាក​សញ្ញា (LOGO) ថ្មី​របស់​ធនាគារ ស្ថាបនា ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ការិយាល័យ​កណ្តាល​ដែល​មាន​អាសយដ្ឋាន អគារ​លេខ 83 មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ស្ថាបនា លោក Kato Norihiko មានប្រសាសន៍ថា ស្លាក​សញ្ញា​ថ្មី​នេះ​ឆ្លុះបញ្ចាំង​អំពី​ការ​បន្ត​រីកចម្រើន ក៏ដូចជា ការប្តេជ្ញា នាពេល​អនាគត​របស់​ធនាគារ ក្នុងការ​ក្លាយខ្លួន​ទៅ​ជា​ធនាគារពាណិជ្ជ ដែល​ឈានមុខ​គេ​មួយ​នៅ ក្នុងប្រទេស​កម្ពុជា​។ ស្លាក​សញ្ញា​ថ្មី​នេះ តំណាង​ឲ្យ​គុណ​តម្លៃ​សំខាន់ៗ​របស់​ធនាគារ​ស្ថាបនា​ដែល​រួមមាន ភាពរឹងមាំ សុវត្ថិភាព ស្ថេរភាព ភាពជឿជាក់ តម្លាភាព និង​ការប្តេជ្ញា​ក្នុង ការ​ផ្តល់​ជូន​អតិថិជន នូវ​សេវា​ប្រកបដោយ គុណភាព និង​ស្តង់ដា​ខ្ពស់ ហើយ​ការផ្លាស់ប្តូរ​នេះ ធ្វើឡើង​ស្រប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​។ លោក​បន្តថា យើង​បាន​ដក​ស្លាក​សញ្ញា​ចាស់​ចេញ ដោយ​ដាក់​ស្លាក​សញ្ញា​ថ្មី​នេះ និង​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ធនាគារ​ស្ថាបនា ក្នុង​ការណែនាំ​នូវ​អត្ថ​សញ្ញាណ​ថ្មី ជាពិសេស​គឺ​ជា​រួម​បញ្ចូល​គ្នា​មួយ​នៃ​ធនាគារ​ដ៏​រឹងមាំ​មួយ​នៅ​កម្ពុជា និង​ធនាគារ​ដ៏​រឹងមាំ​មួយ​នៅ​ជប៉ុន ដែល​ចាប់ពី​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​កម្ចី​ប្រមាណ​៧៥០​លាន​ដុល្លារ និង​ប្រាក់​បញ្ញើរ​៦៤០​លាន​ដុល្លារ​។​

​លោក Kato Norihiko មានប្រសាសន៍ថា “​ការដាក់ឲ្យ ប្រើប្រាស់ ស្លាក​សញ្ញា​ថ្មី​របស់​យើង គឺជា​សញ្ញា​បង្ហាញ​អំពី​ដំណាក់កាល​ដ៏​សំខាន់​ក្នុង​ផ្លាស់ប្តូរ​ថ្មី​មួយ​របស់ ធនាគារ ស្ថាបនា ក្នុងការ​បម្រើ​ជូន​អតិថិជន​កាន់តែ​មាន​ភាពទូលំទូលាយ​ជាង​មុន តាមរយៈ​ការប្តេជ្ញាចិត្ត ផ្តល់ជូន​នូវ​សេវា​ធនាគារ ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត បច្ចេកវិទ្យា និង​ការផ្តល់​សេវា​ដែល​មាន​ស្តង់ដារ ធនាគារ​ពាណិជ្ជ​សមស្រប តាម​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។​”

​លោក​បន្តថា ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ​ស្ថាបនា​ត្រូវបាន​បង្កើតឡើង​ដោយ​រួម​បញ្ចូល​នូវ​គោល​គំនិត​ជាច្រើន​មានដូចជា ភ្នំ​ហ្វូ​ជី រចនាសម្ព័ន្ធ​នៃ​សំបុក​ឃ្មុំ ប្រអប់​ដាក់​ប្រាក់​សុវត្ថិភាព និង​ការឆ្លុះបញ្ចាំង​អំពី​កញ្ចក់​បង្អួច​ពណ៌​ផ្ទៃមេឃ របស់ អគារ​ទំនើប​ស្កឹមស្កៃ​។ ពាក្យស្លោក​របស់​ធនាគា​រ​ស្ថាបនា​គឺ ”​ធ្វើអោយ​ជីវិត​កាន់តែ​ប្រសើរ​” ។ ពាក្យស្លោក នេះ នឹង​ជម្រុញ​ឲ្យ​អតិថិជន ប្រើប្រាស់​សេវាកម្ម​ធនាគារ​និង​ដើម្បី​បើកឱកាស​ឲ្យ​ពួកគេ​កាន់តែ ទូលំទូលាយ ក្នុងការ ទទួលបាន​ភាពជោគជ័យ​តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​នៅ​គ្រប់​បណ្តាញ​សាខា និង បណ្តាញ ម៉ាស៊ីនអេ​ធី​អឹម (ATM) របស់ យើង​នៅ​ទូទាំង​ប្រទេស​។ ស្លាក​សញ្ញា​ថ្មី​នេះ​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​លើ​រាល់​ឯកសារ​ផ្លូវការ និង​ឯកសារ​ផ្សព្វផ្សាយ ផ្សេងៗ​របស់ ធនាគារ​ជា​បន្តបន្ទាប់​។​

​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​រូបនេះ បានបញ្ជាក់​ថា ចំណោម​ធនាគារពាណិជ្ជ​នាំមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ​ស្ថាបនា ដែល​មាន​ទ្រព្យសកម្ម​លើសពី​១​ពាន់​លាន​ដុល្លា​អាមេរិក គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៧ (​មុន​ការធ្វើ​សវនកម្ម​)​។ ជាមួយ​នឹង​សាខា​សរុប​ចំនួន​១៦៨ ម៉ាស៊ីនអេ​ធី​អឹម​(ATM)​ចំនួន​១០០ និង​បុគ្គលិក​ជាង ៤.០០០​នាក់ ធនាគារ ស្ថាបនា ផ្តល់​នូវ​សេវា​ធនាគារ​ដ៏​ពេញលេញ​រួមមាន សេវា​ប្រាក់កម្ចី ផលិតផល​ប្រាក់​បញ្ញើ សេវា​ផ្ទេរប្រាក់​ក្នុង​និង ក្រៅ​ស្រុក លិខិតធានា ការទូទាត់​លើ​ការនាំចេញ​និង​នាំចូល និង​សេវា​ផ្សេងៗ​ទៀត​៕ ដោយ​៖​កូឡាប​

spot_img
×