ខេត្តបាត់ដំបង ៖ តំណាងអយ្យការអមសាលាដំបូងបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីដុតបំផ្លាញផ្ទះម្ដាយរបស់ខ្លួន នៅម៉ោង១២ ថ្ងៃត្រង់ទី១១ កញ្ញា ស្ថិតនៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះហឿង ណាត់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។ សមត្ថកិច្ចបានប្រាប់ថា ព្រះរាជអាជ្ញារងលោកប៉ង់ ច័ន្ទសុយុទ្ធារ៉ា បានបញ្ជាឱ្យតាមឃាត់ខ្លួនជននេះ ដោយចោទពីបទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដុតផ្ទះរបស់ម្តាយបង្កើត ឆេះអស់មួយខ្នង ។ ជននេះជាមនុស្សញៀនថ្នាំ ហើយផឹកស្រាស្រវឹង បង្កជម្លោះជាមួយម្ដាយ រហូតដុតផ្ទះម្ដាយឆេះអស់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិ និងសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ ។
ប្រភពដដែលបញ្ជាក់ថា ពេលដែលអគ្គិភ័យកំពុងឆាបឆេះផ្ទះខ្លាំង ជននេះបានរារាំងគំរាមមិនឱ្យអ្នកភូមិ ឬសមត្ថកិច្ចមូលដ្ឋានចូលជួយពន្លត់ភ្លើងឡើយ រហូតទាល់តែភ្លើងឆេះផ្ទះអស់គ្មានសល់តែម្តង ។
ជននេះត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឱ្យឃាត់ខ្លួន ហើយពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ ៕ ដោយ ៖ បញ្ញាស័ក្តិ