ភ្នំពេញ ៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ស្តីពីសុវត្ថិភាពលើដងផ្លូវកម្ពុជា ឬ Cambodia Roads Safety បានរៀបចំកម្មវិធីសម្ពោធដោយសហព័ន្ធកីឡាយានយន្តកម្ពុជា និងវប្បធម៍រថយន្តកម្ពុជា(Cambodia Car Culture) ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) និងភាគីពាក់ព័ន្ធ នាពហុកីឡដ្ឋានជាតិអូឡាំពិក រសៀលថ្ងៃទី២០ កក្កដា។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះ ខ្ញុំបានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វេទិកាប្រព័ន្ធផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើដងផ្លូវកម្ពុជា» ក្រោមកិច្ចសហការរៀបចំរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា សហព័ន្ធកីឡាយានយន្តកម្ពុជា និង Cambodia Car Culture។ ការងារនេះបានចាប់ផ្តើម តាមរយៈជំនួបពិភាក្សារវាងខ្ញុំជាមួយ ឯកឧត្តម ទៀ ស្យាម និងបន្ទាប់ពីបានស្តាប់នូវបង្ហាញរបស់ក្រុមការងារ អំពីគម្រោងដ៏មានសារៈសំខាន់មួយនេះ។ ស.ស.យ.ក. តែងគាំទ្រ និងសហការលើសកម្មភាពទាំងឡាយដែលចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយយើងពិតជារីករាយក្នុងការសហការជាមួយ សហព័ន្ធកីឡាយានយន្តកម្ពុជា និង Cambodia Car Culture លើយុទ្ធនាការមួយនេះដែលនឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងនានារបស់យើង។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះយុទ្ធនាការនេះពិតជាមានសារៈសំខាន់ ក្នុងការអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹង ទាក់ទងនឹងច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមដ៏ធំមួយមកលើអាយុជីវិត សុខុមាលភាពប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអនាគតរបស់ខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីសុវត្ថិភាពដងផ្លូវកម្ពុជាជាផ្លូវការ និងបង្កើនការយល់ដឹងស្តីពីច្បាប់ចររាចរណ៍ផ្លូវគោក ទៅដល់យុវជន និងយុវនារីទាំងឡាយ ដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទបើកបរនៅលើដងវិថី តាមរយៈប្រព័ន្ធបណ្តាញសង្គម និងសកម្មភាពសិក្ខាសាលាតាមសាលានានាឱ្យមានការយល់ដឹងបន្ថែមទៅលើការបើកបរ ការគោរពច្បាប់ចរាចរណ៍ ក៏ដូចជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី













