ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ៥៣នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមដែនអាកាសរបស់ប្រទេសរុស្សី នៅក្នុងភូមិមួយ ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកសង្កេតការ និងត្រូវបានចុះផ្សាយដោយ BBC នៅថ្ងៃច័ន្ទ ទី២៧ នេះ។
ក្រុមសង្កេតការសិទ្ធិមនុស្សប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលបានស្លាប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មាន ២១នាក់ជាកុមារ។
ភូមិ Al-Shafah ស្ថិតក្នុងខេត្ត Deir al-Zour ដែលគឺជាខេត្តចុងក្រោយបង្អស់ ដែលកំពុងត្រូវបានកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាម IS។
ក្រុមសង្កេតការដដែលបញ្ជាក់ថា មនុស្ស ៣៤នាក់បានស្លាប់នៅក្នុងការវាយប្រហារលើអាគាររស់នៅរបស់ប្រជាជន។ ប្រធានក្រុមសង្កេតការបានថ្លែងប្រាប់ភ្នាក់ងារសារព៌តមាន AFP ថា តួលេខអ្នកស្លាប់ប្រហែលជាខ្ពស់ជាងនេះ។
កាលពីមុននេះ ប្រទេសរុស្សីបានបញ្ជាក់ថា យន្តហោះទំលាក់គ្រាប់បែករយៈចំងាយឆ្ងាយចំនួន ៦គ្រឿង បានធ្វើការវាយប្រហារតាមដែនអាកាសលើតំបន់ខាងលើ ប៉ុន្តែពួកគេបាននិយាយថា ការវាយប្រហារបានចំលើក្រុមសកម្មប្រយុទ្ធ និងកន្លែងរបស់ពួកក្រុមទាំងនោះ។
កិច្ចពិភាក្សាស្តីពីសន្តិភាពនៅក្នុងប្រទេសស៊ីរី ដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិ នឹងត្រូវបន្តនៅទីក្រុងសឺណែវ (Geneva) នៅសប្តាហ៍ក្រោយ បើទោះបីជាការចរចារជាច្រើនសារកាលពីលើកមុនបរាជ័យក៍ដោយ៕ សុភ័ក្ត្រ