Wednesday, July 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត ប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព

ខេត្តកណ្តាល៖ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព។ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ទាំងរដ្ឋ និងឯកជនសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ”។

នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។
មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការ​មូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលលោក ស្កុត បានធ្វើសម្រាប់កុមារកម្ពុជា គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់លោក ស្កុត ដែលបានលះបង់ជីវិតឡូយឆាយរបស់ខ្លួន ដើម្បីកុមារកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺតែងតែគាំទ្រចំពោះអង្គការទាំងឡាយ ដែលធ្វើការងារចេញពីចិត្ត ដើម្បីជួយកម្ពុជា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ ក៏ដូចជាលើកកម្ពស់ស្ត្រី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាព​ប្រជាពលរដ្ឋ, ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គភាពការពារកុមារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្តល់ការ ជ្រោមជ្រែងគ្រប់​ជ្រុងជ្រោយ​នោក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បីគំាពារ និងលើកកម្ពស់​សុខុមាលភាពកុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និងដាក់ចេញនូវគោលនយោបាយជាតិ​ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបាន និង កំពុងដើរតួនាទីជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវ​បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរ​ឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅគ្រប់ទីកន្លែងតាមរយៈ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទូទៅ និង ក្រុមគោលដៅ អំពីការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារ និង វិធីសាស្រ្តសម្រាប់ដោះស្រាយ និងទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×