Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គិតចាប់ពី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ គឺមានរយៈពេល ២ឆ្នាំ ដែលក្រសួងយុត្តិធម៌បាន អនុវត្តយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១)-យុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ។ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តយុទ្ធនាការទាំង ២ ប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស ដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការ ទាំង ២ ខាងលើ ក្នុងឆ្នាំ២០២៥ ដូចខាងក្រោម៖
ទី១-ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ, តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសបានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី បានចំនួន ១៧២ ៣៩៩ ស្មើនឹង ៨០,៣០% នៃសំណុំរឿងសរុប នៅទូទាំងប្រទេសចំនួន ២១៤ ៦៨៧។ នៅក្នុងចំណោមសំណុំរឿងសរុបទាំងនេះ រួមមាន៖
សំណុំរឿងព្រហ្មទណ្ឌចំនួន ១០៩ ៩២១ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៩១ ៤០២ ស្មើនឹង ៨៣,១៥%
សំណុំរឿងរដ្ឋប្បវេណីចំនួន ១០៤ ៧៦៦ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៨០ ៩៩៧ ស្មើនឹង ៧៧,៣១%។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្ដីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

នៅទីស្តីការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា តាមរយៈទិន្នន័យនៃការអនុវត្តយុទ្ធនាការ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ, ទាំងយន្តការអនុវត្តយុទ្ធនាការទាំង ២ ទាំងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានខិតខំអនុវត្តការងាររបស់ខ្លួន ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ រហូតទទួលបាននូវលទ្ធផលល្អប្រសើរនាពេលនេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់យន្តការចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏ដូចជា ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងការលះបង់នូវពេលវេលាផ្ទាល់ខ្លួន ពេលវេលាសម្រាប់ក្រុមគ្រួសារ ដើម្បីចូលរួមអនុវត្តការងារក្នុងក្របខ័ណ្ឌនៃយុទ្ធនាការទាំង ២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់គ្រប់តួអង្គទាំងអស់ដែលពាក់ព័ន្ធនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យយុត្តិធម៌។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ ចៅក្រម និងព្រះរាជអាជ្ញាគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវឧត្តមគតិយុត្តិធម៌ តាមរយៈការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ សំដៅផ្តល់ភាពយុត្តិធម៌ឱ្យបានត្រឹមត្រូវ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីមួយចំនួន ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×