ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា មានមតិអ្នកខ្លះលើកឡើងថា រាជរដ្ឋាភិបាល មានបញ្ហាជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលការលើកឡើងនោះ មិនមែនជាការពិតទេ ព្រោះ រាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រដដែល។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ស្វាគមន៍អង្គការសង្គមស៊ីវិលតាំងពីដើមមក តាំងពីថ្ងៃរំដោះ៧មករា មានអង្គការសង្គមស៊ីវិលច្រើនណាស់ដែលចូលមកជួយប្រទេសកម្ពុជា រួមទាំងអង្គការ World Vision ដែលយើងនៅតែបន្តធ្វើ ដដែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តយកចិត្តទុកដាក់ចំពោះអង្គការជាដៃគូ នានា ដែលធ្វើការងារពិតប្រាកដ ធ្វើការងារជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់គ្រប់វិស័យរបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។ សម្ដេចធិបតីបានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា ហើយអង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណង ក្នុងការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមារងគ្រោះ ដោយសារបទល្មើសបៀតបៀនកេងប្រវ័ញ្ច។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ថែមថា លើសពីនេះ អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ និងបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ សម្រាប់ដឹកនាំអង្គភាព ឱ្យទទួលបានជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




