(ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក) ៖ នាថ្ងៃចន្ទ ១១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកានយោបាយជាន់ខ្ពស់ ឆ្នាំ២០២៥ ដែលជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិសម្រាប់តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០ ។
ក្រោមមូលបទស្តីពីការជំរុញដំណោះស្រាយផ្អែកលើសក្ខីសកម្ម និងវិទ្យាសាស្ត្រប្រកបដោយចីរភាពនិងបរិយាប័ន្ន ចំពោះរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោល, តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក និងតំណាងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាតួអង្គពាក់ព័ន្ធរួមមានអង្គការសង្គមស៊ីវិល និងវិស័យឯកជន បានប្រជុំពិភាក្សាលើគោលនយោបាយសម្រាប់ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០នេះ ដោយត្រួតពិនិត្យលម្អិតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលដៅដទៃទៀត គឺសុខភាពល្អ និងសុខុមាលភាព (គោលដៅទី៣), សមភាពយេនឌ័រ (គោលដៅទី ៥), ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (គោលដៅទី ៨), ជីវិតក្រោមទឹក (គោលដៅទី ១៤) និងភាពជាដៃគូ (គោលដៅទី ១៧) ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងការអភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាមរ៉ាំរៃ ទៅជាប្រទេសមានសន្តិភាពនិងសេចក្តីថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជាពិសេសរបស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព, ការគោរពច្បាប់អន្តរជាតិ និងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសរំលេចអំពីអភិក្រម និង/ឬការប្តេជ្ញាចិត្តគួរឱ្យកត់សម្គាល់មួយចំនួនរបស់កម្ពុជា ដែលឆ្លើយតបទៅនឹងការចូលរួមសម្រេចរបៀបវារៈសកល ជាក់ស្តែងការប្តេជ្ញាចិត្តលុបបំបាត់មេរោគ/ជំងឺអេដស៍ (គាំទ្រដល់គោលដៅទី ៣), ការដាក់ចេញនូវគំនិតផ្តួតផ្តើមសម្រាប់ពង្រឹងភាពអង់អាចស្ត្រី (គោលដៅទី ៤), ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍ (គោលដៅទី ៨), ការពង្រឹងអភិបាលកិច្ចជលផល (គោលដៅទី ១៤), និងការលើកកម្ពស់ការសម្រេចចិត្តប្រកបដោយបរិយាប័ន្ន (គោលដៅទី ១៧) ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




