Wednesday, July 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បញ្ជាក់ថា នៅតែបន្តប្ដេជ្ញាគាំទ្រដល់សកម្មភាពរបស់ដៃគូ អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចរំលោភបំពាននានា ពលរដ្ឋក្រីក្រទន់ខ្សោយ កុមារ និងស្ត្រី

រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ ឲ្យកាន់តែខ្លាំងក្លា, នេះជាការបញ្ជាក់ឡើងវិញរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក ឬអង្គការការពារកុមារ ទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជានេះ ត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ២០១៣ គោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់​ជ្រុងជ្រោយ ​នៅក្នុងកិច្ចការស៊ើបអង្កេត និងកិច្ចការគាំពារកុមាររងគ្រោះ ដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននិងកំពុងដើរតួនាទីជាត្រីវិស័យ និង បង្គោល សម្រាប់ដឹកនាំអង្គភាពនេះ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត ផ្ដន្ទាទោសដល់ជនប្រព្រឹត្ត និងសេវាកម្មគាំពារកុមាររងគ្រោះដោយសារអំពើរំលោភបំពាននានា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជានេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្ត ហើយរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ ក៏យើងនៅបន្តប្ដេជ្ញាចិត្តជួយធ្វើការគាំទ្រ ទៅដល់សកម្មភាពរបស់ដៃគូររបស់យើង អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ដែលធ្វើការជាមួយគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ ដែលត្រូវការការជួយ សហគមន៍ក្រីក្រ ឬមួយកុមារ ស្រ្តីដែលរងគ្រោះ ដើម្បីគេចផុតពីការកេងប្រវ័ញ្ចរំលោភបំពាននានា៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×