ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជូនដំណឹងដោយហាមឃាត់យកការប្រកួតកីឡាប្រដាល់គុនខ្មែរទៅធ្វើជាល្បែងភ្នាល់ជាដាច់ខាត។
នាពេលថ្មីៗនេះ មានព័ត៌មានបានលេចឡើងថា មានក្រុមហ៊ុន ឬ Website ភ្នាល់ល្បែងតាម Online មួយចំនួន បានយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ទៅដាក់ក្នុង Website របស់ខ្លួន ដើម្បីឱ្យសាធារណជនភ្នាល់ដាក់ប្រាក់ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡាប្រដាល់គុនខ្មែរ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សកម្មភាពបែបនេះ គឺជាការប្រព្រឹត្តខុស និងប្រាសចាកពីកម្មវត្ថុរបស់កីឡាប្រដាល់គុនខ្មែរ ដែលជាការប្រកបអាជីវ កម្មខុសច្បាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡាប្រដាល់គុនខ្មែរ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
ដើម្បីចៀសវាង និងបង្ការបញ្ហាទាំងនេះកុំឱ្យកើតមានឡើង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមធ្វើការជូនដំណឹង និងណែនាំដូចខាងក្រោម៖
១) ហាមឃាត់ចំពោះក្រុមហ៊ុន ឬ Website ល្បែងភ្នាល់តាម Online ទាំងអស់ មិនឱ្យយកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ទៅធ្វើជាអាជីវកម្ម ឬដាក់ឱ្យមានការភ្នាល់ជាដាច់ខាត។
២) ហាមឃាត់មន្ត្រី អាជ្ញាកណ្តាល ចៅក្រមគ្រប់រូបរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងបុគ្គលិក ស្ថានីយទូរទស្សន៍ បុគ្គលិកក្រុមហ៊ុនដៃគូសហការ អ្នករៀបចំកម្មវិធី ម្ចាស់ក្លឹប និងគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិក សមាជិការបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនឱ្យចូលរួមភ្នាល់ ឬផ្តល់ទិន្នន័យនៃការប្រកួតកីឡាប្រដាល់គុនខ្មែរទៅឱ្យក្រុមហ៊ុន ឬWebsite ល្បែងភ្នាល់តាមOnline ណាមួយឡើយ។
៣) ហាមឃាត់ចំពោះគ្រប់សកម្មភាពដែលអាចចាត់ទុកថាជាការផ្តល់ព័ត៌មាន ឬទិន្នន័យនៅពេលកំពុង ប្រកួតពីក្នុងស្ថានីយទូរទស្សន៍នីមួយៗទៅខាងក្រៅ ដូចជាការដែលមានបុគ្គលណាម្នាក់ ឬច្រើន នាក់ប្រើប្រាស់ទូរស័ព្ទមួយគ្រឿង ឬច្រើនគ្រឿង ដើម្បីបញ្ជូនព័ត៌មានឬទិន្នន័យអំពីការប្រកួត ឬកម្មវិធី ដែលកំពុងផ្សាយទៅក្រុមហ៊ុនភ្នាល់។
ក្នុងករណីបើមានក្រុមហ៊ុនណាមួយ ក្លឹបណាមួយ បុគ្គលណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកពាក់ព័ន្ធមិនគោរព ឬមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




