Thursday, July 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ឆែក បានផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម ក្នុងន័យពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងឆែក។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ជាពិសេសចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាមន្រ្តីការទូតនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងអំឡុងបេសកកម្មការទូតរបស់ឯកឧត្តម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកឧត្តម Martin Vávra ដែលបាន បំពេញអាណត្តិការងារការទូតនៅកម្ពុជាប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះការ យកចិត្តទុកដាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសាធារណរដ្ឋឆេក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតក្នុងការលើកកម្ពស់កិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាកិច្ចសន្ទនាទ្វេភាគីជាទៀង ទាត់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីការពន្លឿនដើម្បីបញ្ចប់ឱ្យបានឆាប់នូវឯកសារ មួយចំនួនដែលមិនទាន់សម្រេច ក្នុងនោះ រួមមានកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការ ហើយនិង កិច្ចសហប្រតិបត្តិការទេសចរណ៍ និងកសិកម្មផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរទស្សនៈគ្នាដើម្បីជំរុញទំនាក់ទំនងធុរកិច្ចនិងពាណិជ្ជកម្មក្នុងន័យពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍ ដ៏យូរអង្វែងរបស់សាធារណរដ្ឋឆេក ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ និងការទទួលស្គាល់កម្ពុជាជាដៃគូអាទិភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ឆេក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរខ្ពស់ចំពោះកម្មវិធីអាហារូបករណ៍ឆែក ដែលបានជួយដល់និស្សិត កម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០មក ព្រមទាំងជំនួយផ្នែកវេជ្ជសាស្ត្រ ក្នុងនោះរួមទាំងការជួយដល់ មន្ទីរពេទ្យកុមារជាតិផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស និងស្ថាប័នផ្សេងទៀតរបស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធសម្រាប់ ឯកឧត្តម ក្នុងអំឡុងពេលបំពេញការងារអស់រយៈពេល៤ឆ្នាំមកនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋឆេកក្នុងការជំរុញភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជាដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍ ដ៏ឆាប់រហ័ស និងសក្តានុពលនាពេលអនាគតរបស់កម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×