ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម Vanlavawna Bawitlung ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា។
លោកជំទាវបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌាមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកជំទាវផងដែរ។ លើសពីនេះទៅទៀត ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុងការចែករំលែកនូវបទពិសោធន៍ដល់ផលិតករកម្ពុជា ទាំងផលិតករអាជីពនិងផលិតករឯករាជ្យដើម្បីជាចំណេះដឹងបន្ថែមក្នុងការពង្រឹងសមត្ថភាពផលិត។ មួយវិញទៀតក៏ជាការបើកឱកាសសម្រាប់ផលិតករនៃប្រទេសទាំងពីរសហការដើម្បីផលិតភាពយន្តរួមគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី















