Thursday, July 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក គ្រី​ សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចធ្វើការឃាត់ខ្លួនលោក គ្រី​ សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦​ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។

លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។

សូមរំលឹកថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជម្រាបមកឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ អំពីការផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយយោងតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។

ឯកឧត្តម កើត រិទ្ធ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ក្នុងកិច្ចប្រជុំពីម្សិល, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។
ឯកឧត្តម កើត រិទ្ធ សូមរំលឹកជាថ្មីជូនដល់ឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×