ភ្នំពេញ ៖ ករណីទាហ៊ានថៃ ជាន់មីនដាច់ជេីង! ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ លេីកឡេីងថា ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី”ការបដិសេដការចោទប្រកាន់ថាកម្ពុជាប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស”និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី២៣ខែកក្កដានេះ ឯកឧត្តម ហេង រតនា បានថ្លែងបន្តទៀតថា បេីផ្អែកលេីស្ថានភាពជាក់ស្តែងឃេីញថា៖
ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡេីយទេ។
ឯកឧត្តម បានបន្តទៀតថា បេីពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់”កជេីង”ម្ខាង នោះ អាចបញ្ជាក់ថា ការផ្ទុះអាចបង្កឡេីងដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប ដូចជាប្រភេទមីន72A ឬ 72B ឬ M14 ឬ MN79 ឬក៏MD82B ជាដេីម ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាមនិងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។
ប្រសិនបេីទាហានសៀមនោះ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជេីងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលេីភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន PMN-2 ជាច្រេីនករណីកន្លងមកនៅកម្ពុជា។
សូមបញ្ជាក់ថា ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វេីការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡេីយទេ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី














