ភ្នំពេញ ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា៖ ទាំងអ្នកក្រីក្រអ្នកសុំទាន និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ពួកគាត់គឺសុទ្ធតែ ត្រូវការសន្តិសុខ។ ដូច្នេះក្នុងនាមជាមន្ត្រី កងកម្លាំងនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿទុកចិត្តមកលើយើង។ បន្ថែមពីនេះ ត្រូវលុបបំបាត់ឱ្យបាន ការបើកកន្លែងម៉ាស្យា កោសជប់ ដែលភ្ញៀវចូលទៅបាត់បង់លុយ កាក់ ទ្រព្យសម្បត្តិ។
ការលើកឡើងខាងលើរបស់ឯកឧត្ដមឃួង ស្រេងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ឯកឧត្ដមឃួង ស្រេង បានលើកឡើងទៀតថា៖ ការងារមួយយើងពិតជាអនុវត្តមិនបានគ្រប់១០នោះទេ អាចមានចំណុចខ្វះខាត ហួសពីសមត្ថភាពរបស់ខ្លួននៅតាមសង្កាត់ ខណ្ឌ។ បើហួសពីសមត្ថភាព ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីឱ្យថ្នាក់លើជួយដោះស្រាយបន្តទៀត។
ក្នុងឱកាសនោះដែរឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យចៅសង្កាត់ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀតដែលមានមេប៉ុស្តិជាសេនាធិការឱ្យចៅសង្កាត់ហើយធ្វើការឱ្យដឹងតួនាទីរបស់ខ្លួនចេះស្ដាប់ចៅសង្កាត់ធ្វើការងារសេវាសាធារណៈបម្រើប្រជាពលរដ្ឋឱ្យបានល្អដូជាអត្តសញ្ញាណប័ណ្ណ ការងារថែរក្សាការពារសន្តិសុខឱ្យបានល្អ។ល។ចំណែកស្មៀនត្រូវស្ដាប់ចៅសង្កាត់ហើយសហការគ្នាបើចៅសង្កាត់ធ្វើអ្វីខុសប្រាប់គាត់រឿងនេះឬរឿងនោះមិនត្រូវធ្វើទេវាអាចមានទោស ឬជាប់គុកកុំឱ្យគាត់ធ្វើមិនមែនឃើញខុសហើយមិនប្រាប់ហើយមិនបោះត្រាឬទុកឱ្យគាត់ខុសនោះទេ។
ស្មៀនខុសយើងអាចដកចេញបានហើយស្នើសុំទៅក្រសួងមហាផ្ទៃដូរចេញ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំដែលមានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាតពីចោរឈ្លានពាន ព្រំដែនខាងលិច។ ឯកឧត្ដមសូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ និយាយតែពាក្យពិត ជាក់ស្តែង យើងនិយាយជាង៤០ឆ្នាំ ក៏និយាយរៀបរាប់មិនអស់ទេ អ្វីដែលជាទង្វើល្អរបស់គណបក្សប្រជាជន កម្ពុជាបានធ្វើដើម្បីផលប្រយោជន៍ជាតិនិងដើម្បីផលប្រយោជន៍ប្រជាជននោះ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជាបានផ្តល់សិទ្ធិសេរីភាព ផ្តល់ជីវិតទី២ឱ្យប្រជាជនកម្ពុជា នាថ្ងៃ០៧មករាឆ្នាំ១៩៧៩ និងបានដឹកនាំនាំឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍលើគ្រប់វិស័យ។មិនត្រឹមតែប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា នៅមានមហិចតាដ៏ធំមួយទៀត នោះគឺ ចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោកចង់បាន។
ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្ស ខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈ។ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូត
ផ្លូកទឹកផ្លូកដី។
ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិនិងលោកចៅសង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីរកគន្លឹះក្នុងការដោះស្រាយ ឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនាឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
លោកចៅសង្កាត់ផ្សារថ្មីទី៣ បានលើកឡើងទៀតថា៖ នៅសង្កាត់ផ្សារថ្មីទី៣ អ្វីដែលជាបញ្ហាប្រឈម គឺយប់មានការលួចប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ដោយឡែក ចំពោះការហូបចុក ពេលយប់ស្រែកឡូឡាយើងបានរួមគ្នាដោះស្រាយមិនមានបញ្ហានោះទេ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំតភ្លើងរដ្ឋចូលទៅបង្គោលភ្លើងសាធារណៈផ្លូវលេខ៤៩ ។ចំពោះសំណើរនេះត្រូវបានឯកឧត្ដមឃួង ស្រេង ឯកភាព ដើម្បីបំរើឱ្យប្រយោជន៍សាធារណៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









