ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះបានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ មានជនស៉ីវិលស្លូតត្រង់ក្នុងខេត្តឧត្តរមានជ័យ ម្នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស ដោយសារគ្រាប់កាំភ្លើងធំរបស់ទាហានឈ្លានពានថៃ។
លោក ភក្តី បានប្រាប់បណ្តាញព័ត៌មានថា ជនស៉ីវិលស្លូតត្រង់ម្នាក់ដែលស្លាប់នោះ គឺជាអាចារ្យវត្តតាមាន់សែនជ័យ ដែលរងការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងរបស់ថៃ។ ខណៈព្រះសង្ឃ និងពលរដ្ឋមួយចំនួន បាននិមន្ត និងធ្វើដំណើរទាំងយប់ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព នៅខេត្តសៀមរាប បន្ទាប់ពីវត្តប្រាសាទតាមាន់សែនជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ត្រូវបានយន្តហោះចម្បាំងថៃទម្លាក់គ្រាប់ចំនួនបីគ្រាប់ធ្វើឱ្យខ្ទេចខ្ទីអស់ កាលពីថ្ងៃទី២៤ ខែកក្កដាម្សិលមិញ។
ក្រៅពីនេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន ត្រូវបានបំផ្លាញ និងពលរដ្ឋស្លូតត្រង់រាប់ពាន់គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះ ទៅទីសុវត្ថិភាព គេចពីគ្រាប់កាំភ្លើងផ្លោងរបស់ថៃ។
លោក ម៉េត មាសភក្តី បានថ្លែងជម្រាបជូនសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទូទៅជ្រាបថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។ សរុបរួម ជនភៀសសឹកមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២ ៤០០គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





































