Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់មកសាកសួរ ពីបទបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ សមត្ថកិច្ចនៃក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ស.ល.ហ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកវ៉ារិន ខេត្តសៀមរាប ដែលបានបង្ហោះវីដេអូសារសម្លេងអនាមិកមួយ ដោយញុះញង់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាកចេញពីលំនៅដ្ឋាន ។

ប្រតិបត្តិការនេះ តាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលដឹកនាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ Hotline Scam 24/7 សហការជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បន្ទាប់ពីការសាកសួរបំភ្លឺពីយុវជនខាងលើនេះ បានឆ្លើយសារភាពថា ការបង្ហោះវីដេអូសារសម្លេងពិតជាពុំមានប្រភពច្បាស់លាស់នោះទេ ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម មេត្តាចូលរួមសហការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់រាល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កភាពចលាចលអសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរារាំង និងទប់ស្កាត់ការរំលោភបំពានអធិបតេយ្យភាពកម្ពុជាពីប្រទេសជិតខាង ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×