Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានឈ្លានពានសៀម បាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារ ចេញពីតំបន់សមរភូមិប្រយុទ្ធ

ខេត្តពោធិ៍សាត់ ៖ ទាហានឈ្លានពានសៀម បានចាប់ផ្តើមបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅពេលនេះព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥ ទាហានឈ្លានពានសៀម កំពុងបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ហើយដែលជាការបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។

នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃនេះ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលដីយើង ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត។ នៅពេលនេះកងទ័ពកម្ពុជាស្ថិតនៅក្នុងត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ។
សូមបងប្អូនជនរួមជាតិទុកចិត្តលើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដើម្បីការពារទឹកដីនៅតាមព្រំដែន។

នៅព្រឹកនេះ បងប្អូនជនភៀសសឹកជាច្រើនគ្រួសារ បានចេញពីតំបន់សមរភូមិប្រយុទ្ធ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមទាំងបងប្អូនពុកម៉ែប្រជាពលរដ្ឋ តាមបណ្ដាឃុំមួយចំនួនទៀត ដែលបានចាកចេញមកកាន់ទីកន្លែងសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×