រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះឆ្លុះបញ្ចាំងពីលំហូរនៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
វោហាសាស្ត្របែបនិទានកថាប្រកបដោយភាពមិនទទួលខុសត្រូវបែបនេះ គឺត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីបំភាន់ភ្នែកប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះនូវគ្រោះថ្នាក់ផងដែរ ជាពិសេសស្របពេលដែលអាជ្ញាធរឡាវមិនទាន់បានបញ្ចប់នូវការស៊ើបអង្កេតរបស់ខ្លួន និងជាពិសេសមិនទាន់បានចេញនូវសេចក្តីថ្លែងការណ៍បែបនេះផងនោះ។ កម្ពុជាសូមទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ។
ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃបែបនេះ កម្ពុជាមិនដែលបានប្រព្រឹត្ត ហើយនឹងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋជិតខាងណាមួយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជាសូមបញ្ជាក់នូវការតាំងចិត្តសារជាថ្មីក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





