Sunday, July 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន​ធ្វើការ​អំពាវនាវ​ដល់សហគមន៍អន្តរជាតិ ឱ្យឈរជាមួយកម្ពុជាថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃ ឈ្លានពានដោយគិតព្រាងទុកជាមុន និងការប្រើប្រាស់គ្រាប់បែកចង្កោមមកលើប្រទេសកម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីអំពាវនាវមនុស្សធម៌ចេញពីបេះដូងរបស់កម្ពុជា។

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការឈ្លានពានដោយគិតព្រាង ទុកជាមុន និងដោយចេតនា វាយប្រហារមកលើប្រទេសកម្ពុជារបស់យោធាថៃ ការប្រើអំពើហិង្សានេះ និងការប្រើប្រាស់គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់នោះ បានបង្កជាមហន្តរាយមនុស្សធម៌ មកលើប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជា។
អ្វីដែលយើងកំពុងតែមើលឃើញនៅពេលនេះ គឺមិនមែនជាជម្លោះយោធានោះទេ តែជាការបង្ក សោកនាដកម្មដល់ប្រជាជនស្លូតត្រង់ ស្ត្រី កុមារ ព្រះសង្ឃ និងកសិករ។ ក្នុងរយៈពេល ៧២ ម៉ោង ចុងក្រោយ នេះ មនុស្សបានរបួសនិងបាត់បង់ជីវិត និងផ្ទះសម្បែង ទ្រព្យសម្បត្តិ និងទីសក្ការៈបូជាត្រូវបានបំផ្លាញ ត្រូវនិងឆេះខ្ទេចខ្ទី ប្រាសាទព្រះវិហារដែលមានតម្លៃជាសកលសម្រាប់មនុស្សជាតិ ជាបេតិកភណ្ឌ ពិភពលោក ជានិមិត្តរូបនៃដួងព្រលឹងសន្តិភាព និងជាអត្តសញ្ញាណជាតិកម្ពុជា ត្រូវទទួលរងផលប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារនេះ។ វាគឺជាការឈឺចាប់បំផុតរបស់ប្រជាជាតិ ហើយវានឹងបន្តដល់មនុស្សជំនាន់ក្រោយ។
គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់ថាបានប្រើប្រាស់ គឺជាអាវុធដ៏ព្រៃផ្សៃបំផុត ដែលប្រើប្រាស់នៅក្នុងសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ មិនត្រឹមតែបង្កសោកនាដកម្មនាពេលបច្ចុប្បន្ន នោះទេ វានឹងបន្តនៅពាសពេញផ្ទៃដីរបស់កម្ពុជា និងបន្តបង្កសោកនាដកម្មដល់មនុស្សនាពេលអនាគត។

នៅពេលដែលគ្រាប់បែកនេះធ្លាក់មក វានឹងបែកចេញជាគ្រាប់តូចៗជាច្រើន ស្រោចស្រពទៅលើវាលស សាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីតាំងប្រាសាទនានា គ្រាប់ទាំងនេះ នឹងមិនបាត់ទៅវិញ ឡើយទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ ហើយវានឹងក្លាយជាស្រមោលដ៏សែនឃោរឃៅនៃសង្គ្រាម ដែលបន្តគំរាមកំហែងដល់ប្រជាជន។ វានឹងបង្កគ្រោះថ្នាក់ដល់ជីវិតកសិករ នៅពេលដែលពួកគេត្រលប់ ទៅប្រើប្រាស់ដីរបស់ខ្លួនវិញ និងគ្រោះថ្នាក់ដល់ជីវិតកុមារ នៅពេលដែលពួកគេលេងនៅជុំវិញផ្ទះរបស់គ ហើយវានឹងបន្តធ្វើឱ្យសហគមន៍ទាំងមូលរស់នៅក្នុងភាពភ័យខ្លាច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក កម្ពុជា និងជា ស្ថាបនិកសន្តិភាព បានព្រមានរួចមកហើយថា ការវាយប្រហារនេះ គឺជាការរំឮកឡើងវិញ នូវពេលវេលាដ៏ខ្មៅងងឹតនៃអតីតកាលសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងពោរពេញ ដោយភាពថ្លៃថ្នូរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានឹងរួបរួមការពារបូរណភាពទឹកដី សេចក្ដីថ្លៃថ្នូរ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះសន្តិភាព។

នៅតាមបណ្ដោយព្រំដែន ប្រជាជនខ្មែររាប់ម៉ឺននាក់ មិនត្រឹមតែកំពុងភៀសខ្លួនចេញពីសមរភូមិ នោះទេ តែកំពុងភៀសខ្លួនចេញពីភាពភ័យខ្លាចនៃការរស់នៅដែលហ៊ុមព័ទ្ធដោយគ្រាប់បែកចង្កោម។ ទាំងនេះ មិនមែនត្រឹមតែជាតួរលេខនោះទេ តែរឿងពិតដែលបានកើតឡើង៖ ម្ដាយបីកូនដែលរងរបួស ព្រះសង្ឃជួយគ្រាហ៍មនុស្សចាស់ចេញពីផ្សែងគ្រាប់ដែលផ្ទុះ កសិករបាត់បង់ជើងនៅក្នុងចម្ការរបស់ខ្លួន ដោយសារគ្រាប់បែកទាំងនេះ។ ការរងគ្រោះទាំងនេះ គឺបានកើតឡើងពិតប្រាកដ ហើយការឈឺចាប់របស់ ពួកគេ ទាមទារឱ្យយើងឆ្លើយតបជាបន្ទាន់។
ការឈ្លានពាននេះ ក៏បានធ្វើឱ្យអាក់ខានដល់ការអប់រំផងដែរ ដោយគិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនប្រមាណជិត ៥០០ នៅក្នុងខេត្ត/ក្រុងចំនួន១៤ នៅតាមបណ្ដោយព្រំដែន ត្រូវបង្ខំឱ្យបិទ ដែលបានប៉ះពាល់ជាខ្លាំងដល់សិស្ស និងគ្រូប្រមាណ ១៣០,០០០ នាក់។ កុមារដែលគួរត អង្គុយរៀននៅក្នុងថ្នាក់ បែរជាមកជ្រកលាក់ខ្លួនដោយភ័យខ្លាច គ្មានសុវត្ថិភាព និងមិនអាចទៅសាលារៀន និងធ្វើសកម្មភាពប្រចាំថ្ងៃដូចមុនឡើយ។ ការឈ្លានពាននេះ មិនត្រឹមតែបង្កការអាក់ខានដល់ការសិក្សា របស់ក្មេងនោះទេ តែវានឹងប៉ះពាល់ជាខ្លាំងដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។
ជាថ្មីម្ដងទៀត អាជ្ញាធរមីន សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ទាំងរដ្ឋាភិបាល ទាំងប្រជាជន គ្រប់ទីកន្លែងនៅទូទាំងពិភពលោក ឱ្យឈរនៅជាមួយកម្ពុជា ហើយពេលវេលានេះមិនមែនជាពេលវេលា ដែលយើងត្រូវនៅស្ងៀមស្ងាត់នោះទេ តែជាពេលវេលាដែលយើងត្រូវបង្ហាញភាពក្លាហានរបស់យើង ថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃនេះ ទាមទារឱ្យមានការទទួលខុសត្រូវ និងគាំទ្រពេញទំហឹងដល់ប្រជាជនរងគ្រោះ។

អាជ្ញាធរមីន នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការការពារអាយុជីវិត សង្គ្រោះជនរងគ្រោះ និង បោសសម្អាតគ្រាប់ទាំងនោះ ប៉ុន្តែយើងនឹងមិនអាចសម្រេចបានដោយខ្លួនយើងម្នាក់ឯងបានឡើយ យើងទាមទារឱ្យពិភពលោកទាំងមូល ចូលរួមជាមួយយើង ក្នុងនាមសន្តិភាព យុត្តិធម៌ និងមនុស្សជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×