ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសទាត់ចោលចំពោះព័ត៌មានភូតកុហក ប្រឌិត ដោយសារព័ត៌មានថៃ និងអ្នកនាំពាក្យកងទ័ពជើងគោកថៃ ដោយបានចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់ អាវុធធុនធ្ងន់គឺម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 ដែលការផ្សព្វផ្សាយនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផង។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទាន់មានភាពចាំបាច់ណាមួយ ក្នុងការប្រើប្រាស់ម៉ីស៊ីល PHL 03 នៅឡើយទេ”។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងនាមប្រទេសកម្ពុជា អំពាវនាវឱ្យយោធាថៃ បញ្ឈប់ការភូតភរជាបន្តបន្ទាប់ និងឈប់ប្រើលេសមិនពិតដើម្បីបង្ហាញពីហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសភាពការណ៍បញ្ហាជម្លោះនៅតាមព្រំដែនកម្ពុជា- ថៃ នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី៤ ដែលសៀមបានឈ្លានពានមកលើកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា « កម្ពុជាសូមអំពាវនាវឱ្យយោធាថៃ បញ្ឈប់ការភូតភរជាបន្តបន្ទាប់ និងឈប់ប្រើលេសមិនពិតដើម្បីបង្ហាញពីហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួន ហើយសហគមន៍អន្តរជាតិ ត្រូវតែចាត់ទុកប្រទេសថៃ ឱ្យទទួលខុសត្រូវឱ្យបានពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ឈប់អំពើអរិភាពទាំងអស់»។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា កម្ពុជា បញ្ជាក់ជាថ្មីក្នុងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា កម្ពុជា សូមបញ្ជាក់សារជាថ្មីនូវដែនអធិបតេយ្យភាព និងស្វ័យការពាររបស់ខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតប្រជាពលរដ្ឋប្រឆាំងនឹងការឈ្លានពានរបស់ថៃ
គួរដឹងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, វត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី

