Monday, July 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃចន្ទនេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ ទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ

ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ដើម្បីដណ្តើមគ្រប់គ្រង «វត្តកែវគិរីស្វារៈ» និងដើម្បីបង្កើនសមរភូមិនៅជប់គគីរ ថ្មដូន ថៃ បានវាយប្រហារ ជប់គគីរ ថ្មដូន វាលឥន្ទ្រី ​៥មករា តាថាវ អានសេះ និងសម្រុកវាយប្រហារខ្លាំង នៅ៥​មករា ចាប់តាំងពីម៉ោង៣ និង១០នាទី រំលងអាធ្រាតុ រហូតដល់ម៉ោង ៥ និង៧នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែកងកម្លាំងកម្ពុជា នៅឈរជើងយ៉ាងរឹងមាំ តស៊ូ ប្តូរជីវិត មិនញញើតនឹងការឈ្លានពានរបស់សត្រូវថៃឡើយ។

នៅថ្ងៃចន្ទ ៣ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖
1-យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។ នៅថ្ងៃនេះ យើងរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។

២-គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×