ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា រយៈពេល៥ថ្ងៃមកនេះ មានប្រជាពលករខ្មែរធ្វើការនៅថៃវិលចូលមាតុប្រទេសវិញប្រមាណ ៤០ម៉ឺននាក់ហើយ និងថាចំនួននេះនឹងបន្តកើនឡើងប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «នៅថ្ងៃនេះ យើងរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត»។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



